វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ៧ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។
ក្នុងបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» កាលពីពេលថ្មីៗនេះ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកនូវប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ឯកឧត្តម ដែលបានឆ្លងកាត់ជាច្រើនសម័យកាល ជាពិសេសបទពិសោធការងារ ក្នុងវិស័យការបរទេស និងការទូតជាង៣០ឆ្នាំ។
ឯកឧត្តម ក៏បានពន្យល់ ណែនាំយ៉ាងក្បោះក្បាយ អំពីភាពប៉ិនប្រសប់ និងទេពកោសលរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំកិច្ចការការបរទេសរបស់កម្ពុជា ក្នុងកាលៈទេសៈដែលភូមិសាស្ត្រនយោបាយមានការប្រែប្រួលឥតឈប់ឈរ ទាំងនៅលើឆាកអន្តរជាតិ កម្រិតតំបន់ និងទំនាស់ទ្វេភាគី។
ឯកឧត្តម ក៏បានបង្ហាញពីសមិទ្ធផលការងារការទូតកម្ពុជាក្នុងឆ្នាំ២០២៤ និងបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ និងភាពបុរេសកម្ម នៃការអនុវត្តគោលនយោបាយការបរទេស ក្នុងការឆ្លើយតបទៅស្ថានការណ៍ ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ទាំងព្រឹទ្ធសភា រដ្ឋសភា ទាំងរាជរដ្ឋាភិបាល ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការ បានរួមដៃគ្នា ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ក៏ដូចជាការរក្សាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ប្រឆាំងរាល់ការប៉ុនប៉ងរបស់កម្លាំងអមិត្តទាំងឡាយ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសក្រោមរូបភាពបដិវត្តន៍ពណ៌។ រាជរដ្ឋាភិបាលបានបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់ ព្រមទាំងបង្កើនតួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
សូមជម្រាបថា ក្នុងកម្មវិធីបាឋកថានេះ ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី មន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់ នៅក្នុងសហសាល មានចំនួនប្រមាណ ២៥០អង្គ/នាក់ និងតាមប្រព័ន្ធ Microsoft Teams មានចំនួនប្រមាណ ៧៥០អង្គ/នាក់៕