កម្ពុជា - កូរ៉េ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៨ ០៧ ២០២៥

ភ្នំពេញ÷ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥ បានទទួលជំនួបជម្រាបលារបស់ ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ពីការផ្តល់កិច្ចសហប្រតិបត្តិការពេញលេញចំពោះឯកអគ្គរដ្ឋទូតថ្មី និងបានកោតសរសើរចំពោះការរួមចំណែករបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត Park ក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ និងបានលើកឡើងអំពីលទ្ធភាពក្នុងការលើកកម្ពស់ទំនាក់ទំនងមួយកម្រិតទៀត ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគត។ 
ប្រមុខការទូតទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរកម្រិតខ្ពស់ ជាពិសេសទស្សនកិច្ចនៅកម្ពុជារបស់ប្រធាន រដ្ឋសភានៃកូរ៉េ Kim Jin-pyo នៅខែកញ្ញា ឆ្នាំ២០២៣ ការអញ្ជើញចូលរួមរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៅក្នុងវេទិកាចំណេះដឹងពិភពលោកនៅកូរ៉េ ក្នុងខែកញ្ញា ឆ្នាំ២០២៤ និងការអញ្ជើញចូលរួមរបស់សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភាកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ នៃសហព័ន្ធសន្តិភាពសកល នៅកូរ៉េ ក្នុងខែមេសា ឆ្នាំ២០២៥ជាដើម។ 
ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត Park បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការសម្របសម្រួលដ៏ល្អ ចំពោះឯកឧត្តម និងស្ថានទូតកូរ៉េនៅកម្ពុជា នាពេលកន្លងមក និងការផ្តល់កិច្ចសហប្រតិបត្តិការពេញ លេញចំពោះឯកអគ្គរដ្ឋទូតថ្មី ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ពីការរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-សាធារណរដ្ឋកូរ៉េ លើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ ទេសចរណ៍ និងការងារ។ ឯកឧត្តមបានកោតសរសើរចំពោះការរួមចំណែករបស់សាធារណរដ្ឋកូរ៉េក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការដែលកំពុងបន្តមកដល់បច្ចុប្បន្ន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការពេញចិត្តចំពោះការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជនដែលកាន់តែរឹងមាំ និងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពលករ និស្សិត និងសិក្ខាកាមកម្ពុជាផងដែរ៕

កម្ពុជា - កូរ៉េ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
កម្ពុជា - កូរ៉េ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
កម្ពុជា - កូរ៉េ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ
កម្ពុជា - កូរ៉េ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ