វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿន ថ្ងៃទី១៨កក្កដាឆ្នាំ២០២៥
អភិបាលខេត្តស្ទឹងត្រែងដាស់តឿនបន្ថែមឱ្យប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងប្រឹងប្រែងធ្វើការងារបង្កបង្កើនផល កុំទៅពាក់ព័ន្ធករណីគ្រឿងញៀន ហើយកូនចៅមានកម្លាំងពេញវ័យត្រូវទៅរកការងារធ្វើ នៅតាមក្រុមហ៊ុនសហគ្រាសក្នុងខេត្ត ដើម្បីទទួលបានប្រាក់ចំណូលលើកកម្ពស់គ្រួសារ។
ក្នុងពិធីចែកពូជកូនស្វាយចន្ទី និងជីកសិកម្មដល់សមាជិកសហគមន៍កសិកម្មស្រែសំបូរ១៥០គ្រួសារ នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា៖ បងប្អូនយើងដែលមានលទ្ធភាព និងផ្ទៃដីមានទឹកគ្រប់គ្រាន់ អាចធ្វើស្រែចម្ការបាន គឺនាំគ្នាធ្វើឱ្យបានពីររដូវ កុំទុកពេលនៅទំនេរហើយបែកគំនិតទៅពាក់ព័ន្ធនឹងករណីខុសច្បាប់ ដូចជាការជួញដូរនិងប្រើប្រាស់ គ្រឿងញៀនជាដើម ។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖ប្រទេសជាតិយើងមានការអភិវឌ្ឍមកដល់មូលដ្ឋានហើយ សូមបងប្អូនកុំរស់តាមយថាកម្ម ជីវិតត្រូវតែមានការតស៊ូ ហើយការតស៊ូនេះមិនមែនដើម្បីអ្នកណាទេ គឺដើម្បីក្រុមគ្រួសារនិងខ្លួនឯង។
«អីចឹងទេសូមឱ្យបងប្អូន មេត្តាជ្រើសរើសឱ្យបានត្រឹមត្រូវ ជម្រើសមានការងារធ្វើ ដើម្បីពង្រីកជីវភាព រស់នៅរបស់បងប្អូន ពេលនោះបងប្អូនបានធូរធារបានធូរទៅយើងខ្ញុំក៏មិនសូវជាលំបាក អីចឹងទេសូមឱ្យបងប្អូនពិចារណាឡើងវិញ សុំឱ្យទៅរកការងារធ្វើ កុំនៅផ្ទះទំនេរច្រើនពេក»។
លោកទុំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ ដើម្បីរួមចំណែកជំរុញដល់វិស័យការងារមន្ទីរកសិកម្មក៏បានបង្កើតឱ្យមានសហគមន៍ចន្ទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាអធិរាជចន្ទីសម្រាប់នាំផលិតផលចេញ។ លោកបន្តថា៖នៅថ្ងៃនេះមន្ត្រីជំនាញបានយកពូជកូនចន្ទី M23 ចំនួន៤.០០០ដើម និងជី២.០០០គីឡូក្រាមមកជូនសហគមន៍ស្វាយចន្ទីស្រែសំបូរ សម្រាប់ធ្វើការដាំដុះបន្តពូជ។
«មន្ទីរកសិកម្មដែលជាសេនាធិការរបស់រដ្ឋបាលខេត្ត យើងនឹងខិតខំបន្ថែមទៀត គាំទ្របន្តទៅដល់បងប្អូនជាពិសេសខាងបច្ចេកទេសដាំដុះ ឬបច្ចេកទេសផ្សេងៗ ពាក់ព័ន្ធនឹងវិស័យកសិកម្ម មន្ទីរកសិកម្មនឹងផ្ដល់ជូនវគ្គ បណ្ដុះបណ្ដាលទៅដល់បងប្អូនបន្ថែមផងដែរ»។
លោក អាំចាន់ ប្រធានសហគមន៍ចន្ទី ស្រែសំបូរ នៅស្រុកសៀមប៉ាងបានប្តេជ្ញាអនុវត្តតាមការណែនាំរបស់ឯកឧត្តម អភិបាលខេត្ត និងលោកប្រធានមន្ទីរ ព្រោះអ្វីៗដែលសមាជិកសហគមន៍បានធ្វើឡើងជាប្រយោជន៍បានមកក្រុមគ្រួសារនិងកូនចៅយើងទាំងអស់គ្នា ឱ្យមានជីវភាពថ្កុំថ្កើងឡើង។
សូមបញ្ជាក់ថា៖សហគមន៍ចន្ទីស្រែសំបូរ មានសមាជិកចំនួន១៥០គ្រួសារទទួលបានកូនចន្ទី៤០០០ដើមជី២តោន ហើយ ឯកឧត្តមអភិបាលខេត្តបានផ្តល់ថវិកាចំនួន២លានរៀលបន្ថែម សម្រាប់ឱ្យសហគមន៍ចាត់ចែងប្រើប្រាស់ក្នុងការអភិវឌ្ឍមុខរបរ ក្នុងសហគមន៍ឱ្យរីកចម្រើន ៕