កម្ពុជា-បារាំង បង្ហាញនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី នៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៨ ០៧ ២០២៥

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបជម្រាបលារបស់ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់ របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនានា ជាពិសេសអប់រំ វប្បធម៌ និងអភិវឌ្ឍន៍។
ដោយទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គ្រឿង ឥស្សរិយយស « សហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍» ដែលជាគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតមួយរបស់ ព្រះរាជាណាចក្រកម្ពុជា ជូនដល់ឯកឧត្តម Jacques Pellet ។
ភាគីទាំងពីបានរំលឹកឡើងវិញពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីនាពេលថ្មីៗនេះ ក្នុងនោះ រួមមានការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ដែលក្នុងឱកាសនោះ កម្ពុជាបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពីជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (កិច្ចព្រមព្រៀង BBNJ) និងបានគាំទ្រ សេចក្តីប្រកាសទីក្រុងនីស។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងទទួលស្គាល់ចំពោះតួនាទីគន្លឹះរបស់ឯកឧត្តម Pellet ក្នុងការសម្របសម្រួលការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើនក្នុងអាណត្តិរបស់ឯកឧត្តម។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជូនដំណឹងអំពីគម្រោងបំពេញទស្សនកិច្ចនៅកម្ពុជារបស់មន្ត្រីជាន់ខ្ពស់បារាំង នាពេលខាងមុខនេះ។ ប្រមុខការទូតទាំងពីរបានកត់សម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅ រកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងបារាំង ជាមួយគោលដៅរួមក្នុងការសម្រេចឱ្យបានគោលបំណងនៅឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលបន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះតួនាទីចម្បងរបស់ប្រទេសបារាំងក្នុងឋានៈជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ក្នុងការអភិរក្សសម្បត្តិបេតិកភណ្ឌ និងការគាំទ្ររបស់បារាំងក្នុងវិស័យអប់រំ តាមរយៈអាហារូបករណ៍ និងការបណ្តុះបណ្តាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះភាពជាក់ស្តែង ដែលប្រទេសបារាំងនៅតែជាប្រភពភ្ញៀវទេសចរច្រើនឈានមុខគេ ក្នុងតំបន់អឺរ៉ុប ដែលមកទស្សនាកម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះមួយចំនួន ដូចជា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ទេសចរណ៍ វប្បធម៌ ការអភិរក្សបេតិកភណ្ឌ និងអប់រំ។ ឯកឧត្តម Jacques Pellet បានបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងអស់នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសនៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ប្រទេសបារាំង ចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០៕

កម្ពុជា-បារាំង បង្ហាញនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី នៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី
កម្ពុជា-បារាំង បង្ហាញនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី នៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី
កម្ពុជា-បារាំង បង្ហាញនូវការប្តេជ្ញាចិត្តរួម ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី នៅក្នុងក្របខ័ណ្ឌអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី