វិទ្យុជាតិកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ពិធីអបអរសាទរនេះ រៀបចំឡើងយ៉ាងមហោឡារិកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរ ក៏ដូចជាបង្ហាញនូវមោទនភាព ចំពោះសមិទ្ធផលដ៏រីករាយនេះ។
សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងសម្រេចជាឯកច្ឆន្ទចុះ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្ដីសម្រេចលេខ 47 COM 8B.14។
«បូជនីយដ្ឋានចងចាំនៃកម្ពុជា» រួមមានទីតាំងឧក្រិដ្ឋកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ចំនួន៣រួមមាន៖ អតីតមន្ទីរឃុំឃាំងម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
ការទទួលស្គាល់ជាផ្លូវការនូវ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះរមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា រមណីយដ្ឋានអង្គរ (១៩៩២) ប្រាសាទព្រះវិហារ (២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។
«បូជនីយដ្ឋានចងចាំ នៃកម្ពុជា» គឺជាទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាយុគសម័យថ្មី។ សមិទ្ធផលទាំងនេះ កើតចេញពីការចូលរួមនៃការថែរក្សាប្រវត្តិសាស្ត្រជាតិរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព រួមទាំងការការពារសច្ចភាព ប្រវត្តិសាស្ត្រជាតិឱ្យគង់វង្សស្ថិតស្ថេរ។
គោលបំណង និងមូលដ្ឋាន នៃការចុះ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺបង្ហាញពិភពលោកអំពីភាពរឹងមាំ និងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ «វាលពិឃាដ» មកជា «ទឹកដីសន្តិភាព» មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ខ្មែរគ្រប់ៗ រូប ហើយក៏ជាស្មារតីចងចាំដ៏ថ្លៃថ្លាបំផុតរបស់ពិភពលោក មិនចំពោះតែប្រជាជនកម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។
ការចុះបញ្ជីនេះ ក៏ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាង នៃការប្ដូរផ្ដាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និងប្រជាជន។ ចាប់ពីពេលនេះតទៅ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាង សន្តិភាព និងការអភិវឌ្ឍ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»៕