មន្ទីរកសិកម្មខេត្តកំពង់ធំ៖ កសិករនៅទូទាំងខេត្តបានខិតខំផលិតដំណាំកសិកម្មនានាដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ១៨ ០៧ ២០២៥

MC៖ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា ខណៈការបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃនេះ គឺមិនបានប៉ះពាល់ដល់ការផ្គត់ផ្គង់បន្លែ ត្រី សាច់ក្នុងខេត្តនោះទេ ប៉ុន្តែប្រែជាផ្តល់កាលានុវត្តភាព សម្រាប់ឱ្យប្រជាកសិករនៅទូទាំងខេត្តខិតខំប្រឹងប្រែងក្នុងការផលិតដើម្បីឆ្លើយទៅនឹងតម្រូវការទីផ្សារ និងហូបចុករបស់ប្រជាពលរដ្ឋ។ 

  ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានមានប្រសាសន៍ថា ខេត្តកំពង់ធំជាខេត្តមួយដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម  ហើយមានសណ្ឋានដី២ដាច់ដោយឡែកពីគ្នា គឺផ្នែកខាងលើនៃផ្លូវជាតិលេខ៦ គឺជាផ្ទៃដីដែលសមស្របទៅនឹងដំណាំកសិ-ឧស្សាហកម្ម និងនៅផ្នែកខាងក្រោមគឺជាទំនាបនៃបឹងទន្លេសាប គឺសមស្របទៅនឹងដំណាំស្រូវ ។  លោកប្រធានបន្តថា នៅទូទាំងខេត្តដំណាំដែលសក្ដានុពលមាន៥សំខាន់ៗ ទី១ គឺដំណាំស្រូវ ដំណាំស្វាយចន្ទី ដំឡូងមី កៅស៊ូ ក្នុងនោះ ស្វាយកែវរមៀត ក្រៅពីនោះ ក៏មានការដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ការនាំចេញនិងហូបចុកប្រចាំថ្ងៃ។ ដូច្នេះ ក្រោយការបិទព្រំដែនមិនឱ្យនាំចូលបន្លែ ផ្លែឈើ ឃើញថានៅក្នុងខេត្តកំពង់ធំ កសិករមិនមានការព្រួយបារម្ភឡើយ ព្រោះអាចនិយាយបានថា វាអាចជាឱកាសល្អ សម្រាប់ឱ្យកសិករចាប់ផ្តើមពង្រឹងសមត្ថភាពក្នុងការផលិត នឹងជួយជំរុញជីវភាពរស់នៅរបស់ពួកគាត់កាន់តែមានភាពល្អប្រសើរ  ពិសេសលើកទឹកចិត្តឱ្យអ្នកបរិភោគងាកមកគាំទ្រនូវបន្លែ ដែលដាំតាមស្តង់ដាសុវត្ថិភាព មិនប្រើប្រាស់សារធាតុគីមី។ 
 «ចំពោះខេត្តកំពង់ធំមួយមិនមានបញ្ហាចោទទាល់តែសោះ ទាំងត្រី សាច់ បន្លែ ស្រូវ គឺយើងអាចដោះស្រាយផ្គត់ផ្គង់បានយ៉ាងងាយស្រួល មិនមានបញ្ហានោះទេ ហើយការបិទច្រកនេះ មិនធ្វើឱ្យប៉ះពាល់ដល់ការនាំចេញកសិផលរបស់ខេត្តកំពង់ធំនោះទេ។ បើគិតទៅវាជាកាលានុវត្តភាពបន្ថែមទៀតសម្រាប់ឱ្យបងប្អូនកសិករប្រឹងប្រែងនៃការផលិត សម្រាប់តម្រូវការទីផ្សារនៅតាមបណ្ដាខេត្តមួយចំនួនដែលត្រូវការហើយក្នុងនោះខេត្តកំពង់ធំគឺជាខេត្តមួយដែលផលិតបន្លែនាំចេញទៅលក់នៅខាងក្រៅ ដូចជាភ្នំពេញនិង ខេត្តសៀមរាប ក្នុងនោះសាច់ ក៏ដូចគ្នាផងដែរ ដោយសាច់ផលិតនៅក្នុងខេត្តកំពង់ធំ ក៏បាននាំចេញទៅខេត្តព្រះវិហារ នាំចេញទៅភូមិភាគឦសាន ស្ទឹងត្រែង មណ្ឌលគិរី ផងដែរ»។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់នាពេលកន្លងមកថា ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀងរបស់ខ្លួន ពោលគឺរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀត។
  គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរបន្លែ និងផ្លែឈើ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ ដោយយកចំណេញហួសប្រមាណ ដែលនាំឱ្យមានការលំបាកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងស្រុកខ្លួនឯង ពោលត្រូវរួមគ្នា សាមគ្គីគ្នា បន្ទាប់ពីកម្ពុជាមានការប្រមាថនិងគំរាមគំហែងពីភាគីយោធាថៃ ខណៈ សម្តេចមហាបវរធីបតី មានការជឿជាក់ថា អាជីវករខ្មែរមិនដំឡើងថ្លៃទំនិញនៅពេលនេះឡើយ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានងាកមកជំរុញឱ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ ខណៈកម្ពុជាមានលទ្ធភាពម្ចាស់ការគ្រប់គ្រាន់ និងឯករាជ្យក្នុងការរស់នៅ ដោយមិនពឹងដង្ហើមប្រទេសជិតខាងដើម្បីដកនោះឡើយ ពោល បើទោះបីមិនមានទំនិញមួយចំនួននាំចូល តែអាចផ្គត់ផ្គង់បាននៅក្នុងស្រុក។
  យោងតាមក្រសួងកសិកម្ម បានបង្ហាញថា កម្ពុជា មានតម្រូវការបន្លែជាង ១លានតោន ក្នុងនោះ ផលិតខ្លួនឯងបានជាង ៧០ម៉ឺនតោន និងនាំចូលជាង ៣០ម៉ឺនតោន។ ការផ្គត់ផ្គង់បន្លែ អាចប្រែប្រួលតាមរដូវកាល ពោល គឺនៅរដូវប្រាំងកម្ពុជាអាចផ្គត់ផ្គង់បន្លែបានក្រោម ៧០% តែនៅរដូវរំហើយ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់បាន ៨០%៕

មន្ទីរកសិកម្មខេត្តកំពង់ធំ៖ កសិករនៅទូទាំងខេត្តបានខិតខំផលិតដំណាំកសិកម្មនានាដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ