វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ១៨ ០៧ ២៥
ភ្នំពេញ៖ វិស័យឯកជន បានបង្ហាញការប្ដេជ្ញាចូលរួមជួយការងារសង្គម លើវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យផ្សេងៗទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងជួយ សង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។
ថ្លែងក្នុងកម្មវីធីបរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” សម្រាប់ជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យនៅទូទាំងប្រទេស ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅអគារធនាគារហត្ថា លោក មិន សុផា ប្រធាននាយកប្រតិបត្តិ ធនាគារ ហត្ថា មានប្រសាសន៍ថា“ នេះមិនមែនជាលើកទី១ របស់ធនាគារ ហត្ថា ទេ ដែលរៀបចំកម្មវិធីបរិច្ចាគឈាមនេះឡើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។
លោកបានបន្តថា ការបរិច្ចាគឈាមរបស់បុគ្គលិក ធនាគារហត្ថា នាពេលនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រឡាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព និងសប្បាយចិត្តក្នុងការចូលរួមចំណែកជួយដល់សង្គមកម្ពុជា ក៏ដូចជាផ្ដល់នូវក្ដីស្រឡាញ់ចំពោះសហគមន៍របស់យើង។
លោកប្រធាននាយកប្រតិបត្តិ ធនាគារហត្ថា ក៏បានលើកទឹកចិត្តឱ្យបុគ្គលិកធនាគារ ហត្ថា ទាំងអស់បន្តធ្វើការបរិច្ចាគឈាមនេះ ឱ្យបានទៀតទាត់ ដើម្បីលើកកម្ពស់សុខភាពផ្ទាល់ខ្លួន និងសង្រ្គោះអាយុជីវិតជនរងគ្រោះ ”។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមការបរិច្ចាគឈាមរបស់បុគ្គលិក ធនាគារ ហត្ថា ដើម្បីឆ្លើយតបតាមតម្រូវការឈាមបន្ទាន់ សម្រាប់ជួយសង្គ្រោះជីវិតមនុស្សបានទាន់ពេលវេលា ដែលបានគ្រោះថ្នាក់ចរាចណ៍ និងវះកាត់ធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាត្រូវការឈាមក្នុងមួយឆ្នាំ ជាង១សែន៧ម៉ឺននាក់ ដើម្បីបំពេញតម្រូវការឈាមបន្ទាន់នៅតាមមន្ទីរពេទ្រនីមួយៗ៕