វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៨ ៧ ២០២៥
អន្តរជាតិ៖ អង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ (CAO) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអ៊ីរ៉ង់បានដំណើរការឡើងវិញនូវប្រតិបត្តិការអាកាសយានដ្ឋាន ហើយបានបើកដែនអាកាសរបស់ខ្លួនឡើងវិញសម្រាប់ការហោះហើរអន្តរជាតិផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ អាកាសយានដ្ឋានអន្តរជាតិ មេរ៉ាប៊េដ ដែលជាអាកាសយានដ្ឋានចម្បងរបស់ទីក្រុងតេអេរ៉ង់ នឹងផ្តល់សេវាកម្មប្រចាំថ្ងៃចាប់ពីម៉ោង ៤:00 ព្រឹកដល់ម៉ោង ៧:០០ យប់ (ម៉ោងក្នុងស្រុក) ប៉ុន្តែការហ្វឹកហាត់ និងការហោះហើរកម្សាន្តនៅតែត្រូវផ្អាករហូតដល់មានការជូនដំណឹងបន្ថែម។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីការវាយតម្លៃសុវត្ថិភាពយ៉ាងជាក់លាក់ និងដោយមើលទៅលើស្ថានភាពបច្ចុប្បន្នរបស់ប្រទេស។ គួរបញ្ជាក់ថា អ៊ីរ៉ង់បានបិទដែនអាកាសរបស់ខ្លួននៅថ្ងៃទី១៣ ខែមិថុនា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ជាច្រើននៅក្នុងប្រទេស។ បន្ទាប់ពីសង្គ្រាមរយៈពេល ១២ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលត្រូវបានសម្រេចនៅថ្ងៃទី២៤ ខែមិថុនា៕