វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៨ ៧ ២០២៥
អន្តរជាតិ៖ ប្រទេសវៀតណាម និងអាស៊ែបៃហ្សង់ បានឯកភាពលើវិស័យសហប្រតិបត្តិការដ៏មានសក្ដានុពលចំនួន ១៧ ជាមួយនឹងសកម្មភាពជាក់លាក់ចំនួន ៥៨ សម្រាប់ដំណាក់កាលឆ្នាំ ២០២៥-២០២៧ ដោយសំដៅជំរុញទំនាក់ទំនងទ្វេភាគីប្រកបដោយខ្លឹមសារ ប្រសិទ្ធភាព និងយូរអង្វែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អាស៊ែបៃហ្សង់ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ សម័យប្រជុំនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងរដ្ឋមន្ត្រីក្រសួងថាមពលអាស៊ែបៃហ្សង់។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាននិយាយថា កិច្ចព្រមព្រៀងនេះគឺជាការកត់សម្គាល់នូវជំពូកថ្មីនៃទំនាក់ទំនងទ្វេភាគី និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងការលើកកម្ពស់យ៉ាងខ្លាំងនូវទំនាក់ទំនងមិត្តភាពប្រពៃណីនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងថាមពលអាស៊ែបៃហ្សង់បានអះអាងថា ខ្លួនតែងតែចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលក្នុងតំបន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការសម្របសម្រួលក្នុងចំណោមក្រសួង និងវិស័យរបស់ប្រទេស តាមរយៈគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីពង្រឹងភាពខ្លាំង និងសក្តានុពលរបស់ភាគីនីមួយៗ៕