វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៨ ៧ ២០២៥
អន្តរជាតិ៖ នាយករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា ជម្លោះនៅអ៊ុយក្រែនអាចដោះស្រាយបានលុះត្រាតែមានកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក នឹងប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ បានជួបគ្នាដោយផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយថា ជម្លោះនឹងមិនបញ្ឈប់នោះទេ "លុះត្រាតែប្រធានាធិបតីរុស្ស៊ី និងអាម៉េរិកអង្គុយនៅតុចរចា ហើយកិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក"។ កិច្ចព្រមព្រៀងទាំងនេះលោកជឿជាក់ថា គួរតែជា "កញ្ចប់ទ្រង់ទ្រាយធំ" ដែលនឹងគ្របដណ្តប់មិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង "បញ្ហាដូចជាតម្លៃថាមពល ទីផ្សាររុស្ស៊ី ទណ្ឌកម្មសេដ្ឋកិច្ច និងការគ្រប់គ្រងអាវុធជាដើម"។ លោកនាយករដ្ឋមន្ត្រីរូបនេះសង្ឃឹមថា កិច្ចព្រមព្រៀងរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិកនឹងសម្រេចបានមុនពេល ៥០ ថ្ងៃដែលកំណត់ដោយលោក Trump ហើយការគំរាមកំហែងរបស់លោកក្នុងការដាក់ពន្ធនាំចូល ១០០% លើរុស្ស៊ី និងដៃគូពាណិជ្ជកម្មនឹងចូលជាធរមានប្រសិនបើកិច្ចចរចាបរាជ័យ។ លោកក៏បានសារភាពថា "ក្នុងករណីនេះប្រទេសហុងគ្រីក៏នឹងមានបញ្ហាផងដែរ"៕