វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៨/៧/២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា សង្ឃឹមជឿជាក់ថា បូជនីយដា្ឋនចងចាំនៃកម្ពុជា នឹងក្លាយជាផ្នែកមួយ នៃការចងចាំជាសកល ហើយក៏ជាទីតាំងនៃមជ្ឈមណ្ឌលអន្តរជាតិ ទូទាំងសកលលោក បានយល់កាន់តែច្បាស់ ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា នៅក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំ របស់ប្រជាជនកម្ពុជា នៅក្នុងការកសាងសន្តិភាព ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពនឹកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សាររបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាង នៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ ការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ នៃការថែរក្សាសន្តិភាព និងជារតនៈវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ។
សម្តេចធិបតីបញ្ជាក់ថា «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជាជាតិកម្ពុជា បានប្រែក្លាយនៅពេលនេះ ទៅជាលំហរនៃភាពប្រសព្វមុខមួយ នៃការសន្ទនា ការយោគយល់ អត់ឱន ផ្សះផ្សានិងសន្តិភាព ។
បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ចាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ បានរំលឹកដល់មនុស្សគ្រប់រូបថា ថ្វីត្បិតតែខណៈណាមួយដ៏ខ្មៅងងឹតបំផុតនៅក្នុងជីវិត ឬប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន ផ្សះផ្សាការបែកបាក់ និងការឈឺចាប់ ហើយប្រឹងប្រែងកសាងសារជាថ្មី នៅក្នុងន័យនេះ កម្ពុជា ក៏ជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក ដែលក្នុងនោះសន្តិភាព គឺជាមូលដ្ឋាន និងជាកត្តាចំបង ។
"កម្ពុជា សង្ឃឹមជឿជាក់ថា បូជនីយដា្ឋនចងចាំនៃកម្ពុជា នឹងក្លាយជាផ្នែកមួយ នៃការចងចាំជាសកល ហើយក៏ជាទីតាំងនៃមជ្ឈមណ្ឌលអន្តរជាតិ ទូទាំងសកលលោក បានយល់កាន់តែច្បាស់ ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា នៅក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា នៅក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍក្រោមពាក្យស្លោក «អរគុណសន្តិភាព»" ៕