វិទ្យុជាតិកម្ពុជា÷អត្ថបទដោយម៉ន ឆវ័ន.មន្ទីរព័ត៌មានខេត្តបាត់ដំបង
ក្នុងពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនអំពីការដាំបន្លែសុវត្ថិភាព គ្មានជាតិគីមី និងមានបច្ចេកទេសច្បាស់លាស់ អាចលក់លើទីផ្សារទទួលបានតម្លៃខ្ពស់ ជាក់ស្តែងការដាំបន្លែសុវត្ថិភាពផ្ទះសំណាញ់របស់កសិករនៅក្នុងខេត្តបាត់ដំបងកំពុងពេញនិយម ដែលធ្វើអោយជីវភាពពួកគាត់កាន់តែល្អប្រសើរជាងមុន។
លោក ពែត ផាវរ៉ូ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានមានសាសន៍ថា ការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នេះគឺផ្តោតទៅលើបន្លែស្លឹក ដូចជា ស្ពៃ ស្ពៃក្តោប សាឡាត់ជាដើម តែតម្រូវអោយប្រជាកសិករធ្វើតាមបច្ចេកទេសអោយបានត្រឹមត្រូវទើបទទួលបានទិន្នផលខ្ពស់ មានគុណភាព និងតម្លៃខ្ពស់។លោកបន្ថែមថាការអនុវត្តន៍បន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់គឺធ្វើលើ១១ស្រុកក្នុងខេត្តបាត់ដំបងមានដូចជា ស្រុកបវេល ឯកភ្នំ សង្កែរ ក្រុងបាត់ដំបង ថ្មរគោល រតនៈមណ្ឌល បាណន់ ភ្នំព្រឹក កំរៀង សំឡូត និងរុក្ខគិរី។
លោកបានបន្តថា នៅពេលប្រជាកសិករប្រមូលផល សម្រាប់កសិករដែលបានចុះឈ្មោះក្នុងក្រុម ឬសហគមន៍ គឺយើងមានឈ្មួញដែលទិញក្នុងតម្លៃខ្ពស់ ហើយលើសពីនោះសម្រាប់បន្លែដែលដាំក្នុងផ្ទះសំណាញ់គឺយើងមានបិទឡូហ្គោសម្រាប់លក់ក្នុងផ្សារចុងសប្តាហ៍ដែលមានទីតាំងនៅមុខផ្សារទំនើប ទល់មុខអគ្គិសនី និងមានលក់នៅតាមម៉ាតផ្សេងៗក្នុងខេត្តបាត់ដំបង និងបាននាំទៅដាក់តាមម៉ាត និងផ្សារទំនើបនៅក្នុងក្រុងភ្នំពេញផងដែរ។ បើតាមការសង្កេតបានបង្ហាញអោយឃើញថា អោយតែបន្លែដែលមានឡូហ្គោ បន្លែសុវត្ថិភាព ឬបន្លែក្នុងផ្ទះសំណាញ់មិនដែលមានសល់ទេ ព្រោះបងប្អូនអ្នកញាំគាត់ដឹងថាមានគុណភាព តាមស្តង់ដា និងគ្មានជាតិគីមី។
ជាមួយគ្នានេះដែរ លោក អើក ពិសិទ្ធ នាយកប្រតិបត្តសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តាបានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះមានសមាជិកចំនួន 375គ្រួសារ ហើយសម្រាប់គ្រួសារដែលជាកសិករដាំបន្លែមានចំនួន 175គ្រួសារ ក្នុងនោះមានស្រ្តីជាអ្នកដឹកនាំគ្រួសារ 82 និងគ្រួសារដែលមានប័ណ្ណក្រីក្រចំនួន32គ្រួសារ ។លោកបន្ថែមថាដោយសម្លឹងមើលឃើញទៅលើស្រុកភ្នំព្រឹកគឺជាតំបន់ព្រំដែន ដូចនេះហើយប្រជាពលរដ្ឋភាគច្រើនតែងតែចំណាកថែមទាំងនាំកុមារទៅជាមួយដែរ បណ្តាលអោយកុមារមិនបានរៀនសូត្រ ដូចនេះហើយការដាំបន្លែសុវត្ថិភាពផ្ទះសំណាញ់នេះបានជួយដល់ប្រជាកសិករមិនអោយចំណាកស្រុក មានជីវភាពល្អជាងមុន។ ជាគុណតម្លៃស្នូលនៃការដាំបន្លែសុវត្ថិភាពផ្ទះសំណាញ់នេះក៏ជួយដល់បរិស្ថានផងដែរដោយមិនមានប្រើថ្នាំគីមី ដាំដុះដោយបច្ចេកទេសត្រឹមត្រូវ ជួយដល់សុខភាពអ្នកបរិភោគផងដែរដោយមិនភ័យខ្លាចប៉ះពាល់ដល់សុខភាព។
លោក អើក ពិសិដ្ឋបានបញ្ជាក់ថា សព្វថ្ងៃនេះផ្ទះសំណាញ់មានចំនួន500ខ្នងនៅក្នុងស្រុកភ្នំព្រឹក ហើយរាល់ការប្រមូលផលគឺមិនមានបញ្ហាចោទរឿងទីផ្សារនោះទេព្រោះពួកគាត់ដាំបន្លែទៅតាមផែនការដែលសហគមន៍បានរៀបចំអោយ ជាពិសេសទៀតនោះក៏មានសហភាពតំណាងកម្ពុជាជាអ្នករកទីផ្សារជូនដល់ប្រជាកសិករផងដែរ។
នាយកប្រតិបត្តសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តាខាងលើបានបន្ថែមថាពេលបច្ចុប្បន្ននេះសម្រាប់ទិន្នផលដែលប្រមូលបានពីផ្ទះសំណាញ់ចំនួន 500ខ្នងនេះគឺទទួលបាន មួយតោន ទៅមួយតោនកន្លះក្នុងមួយថ្ងៃដើម្បីផ្តត់ផ្គង់នៅលើទីផ្សារ តែមិនទាន់គ្រប់គ្រាន់នៅឡើយ ដូចនេះទើបលោកមានក្តីរំពឹង និងចក្ខុវិស័យថានៅឆ្នាំក្រោយនឹងអាចបង្កើនផ្ទះសំណាញ់អោយបាន200ខ្នង បន្ថែមទៀត និងបន្តទៅមុខទៀត អាចឈានដល់1000ខ្នង ដើម្បីអាចប្រមូលទិន្នផលអោយបានច្រើនអាចផ្គត់ផ្គង់ទីផ្សារបាន និងអាចនាំចេញទៅក្រៅប្រទេសផងដែរ ។
លោកស្រី ពៅលីណា ប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងមានប្រសាសន៍ថា ក្នុងនាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានចូលរួមចំណែក ក្នុងការជួយទៅកាន់ប្រជាកសិករ ជាពិសេសគឺការជំរុញនូវការដាំដុះបន្លែដែលស្របទៅតាមបច្ចេកទេសត្រឹមត្រូវ មានស្តង់ដា គុណភាព និងមិនមានផលប៉ះពាល់ដល់សុខភាពសម្រាប់អ្នកបរិភោគ។
បើតាមលោក ពែត ផាវរ៉ូ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានបន្ថែមឱ្យដឹងថាសម្រាប់កិច្ចសហការណ៍ជាមួយគម្រោងផ្សេងៗ គឺមានការផ្តល់ជូនផ្ទះសំណាញ់សម្រាប់ប្រជាពលរដ្ឋដែលមានប័នក្រីក្ររ ជាបដិភាគ អាចជួយគាត់៦០ទៅ ៧០ភាគរយ ហើយសល់ប៉ុន្មានពួកគាត់ចេញខ្លួនឯង ប៉ុន្តែក្នុងនោះមន្ទីរបានសហការជាមួយអ្នកពាក់ពន័្ធផ្សេងៗដូចជាមន្ទីរកសិកម្មជាដើម ដើម្បីបណ្តុះបណ្តាលលើបច្ចេកទេសក្នុងការដាំដុះ ការថែទាំ បច្ចេកទេសកំចាត់សត្វល្អិតជាដើម ដើម្បីទទួលបានផលច្រើន មានស្តង់ដា និងលក់បានតម្លៃខ្ពស់៕