វិទ្យុជាតិកម្ពុជា÷អត្ថបទដោយ:លោកស៊ីផុនហុងគ្រី មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
ឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក នួន សារ៉ន អភិបាលរងខេត្ត បានដឹកនាំមន្រ្តីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែទានព្រះវស្សា និងនាំយកទេយ្យវត្ថុ ទៅកាន់វត្តចំនួន ៤០វត្ត នៅទូទាំងខេត្តមណ្ឌលគិរី ដោយពិធីនេះប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
លោក នួន សារ៉ន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការចូលវស្សា ឬចាំវស្សា គឺជាប្រពៃណីរបស់ព្រះសង្ឃពុទ្ធសាសនិក ដែលមានតាំងពីជំនាន់ ពុទ្ធកាលរៀងមក សម្រាប់ព្រះសង្ឃថេរវាទក្នុងសកលលោកមានប្រទេសជាច្រើនបានប្រតិបត្តិ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ លោក បញ្ជាក់ថា ថ្ងៃ ១រោច ខែអាសាឍ ជាថ្ងៃចូលវស្សារបស់បុព្វជិតពុទ្ធ សាសនា ទាំងភិក្ខុ ទាំងសាមណេរ ជាការចាំបាច់តាមពុទ្ធានុញ្ញាត អស់មួយត្រីមាស ហើយពេលវេលានៃការចាំវស្សានេះ គឺមានតម្លៃពិសេស ព្រោះវាជាសញ្ញា ដាស់ស្មារតីបព្វជិតពុទ្ធសាសនិក ឲ្យបង្កើនសេចក្តីព្យាយាមបំពេញគន្ថធុរៈក្តី វិបស្សនាធុរៈក្តី ឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់។ ដូច្នេះ ហើយទើបពុទ្ធបរិស័ទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យល់ឃើញច្បាស់អំពីខ្លឹមសារ នៃការចាំវស្សារបស់ ភិក្ខុសង្ឃ ក៏បានរៀបចំជាចតុប្បច្ច័យ ទេយ្យវត្ថុមានដូចជា ទានវស្សា សាដក ធូប .ជាដើម ដើម្បីសម្តែងនូវសមានចិត្ត ចូលរួមអបអរសាទ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលានិសង្ឃសម្រាប់ខ្លួនឯង។ លោក បន្ថែមថា រាជរដ្ឋាភិបាលបានខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលជីវភាពខាងស្មារតី ដែលជាសកម្មភាពដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌អប់រំ និងសីលធម៌សង្គម។
លោក អភិបាលរងខេត្ត បានកោតសរសើរចំពោះមន្ទីរធម្មការ និងសាសនា និងព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានុក្រម ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នា យ៉ាងសកម្ម ក្នុងការទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន សមស្របទៅនឹងការវិវឌ្ឍន៍ របស់សង្គមជាតិ។
លោក នួន សារ៉ន អភិបាលរងខេត្ត បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តាចូលរួមប្រតិបត្តិតាមព្រះពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងឱ្យបានខ្ជាប់ខ្ជួនតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ថែរក្សាព្រះពុទ្ធសាសនារបស់យើងឲ្យមានការរីកចម្រើន ព្រោះថាព្រះពុទ្ធសាសនា រីកចម្រើន ឬក៏អន់ថយ គឺអាស្រ័យ លើយើងទាំងអស់គ្នា។
នាឪកាសនោះ ថ្នាក់ដឹកនាំខេត្ត បាននាំយកទេយ្យវត្ថុរួមមាន៖ ទានព្រះវស្សាចំនួន ៤០គូ , សាដក់ ៤០ , អង្គរ៨០បេ , មី ៨០កេស , ត្រីខ ៨០យួរ , ទឹកត្រី ៨០យួរ , ទឹកស៊ីអ៊ីវ ៨០យួរ , ទឹកសុទ្ធ ៨០កេស , ភេសជ្ជៈ ៨០កេស រួមទាំងបច្ច័យ ក្នុង១វត្ត សរុបចំនួន ៩០ម៉ឺនរៀល ប្រគេនព្រះសង្ឃចំនួន ៤០វត្ត នៅទូទាំងខេត្ត ៕