ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក និងត្រាអេឡិចត្រូនិកលើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា

Narith | ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ៧ ២០២៥

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រមាណជាងមួយឆមាសកន្លងទៅ សម្រាប់ការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) និងទទួលបានលទ្ធផលជោគជ័យជាទីកត់សម្គាល់។ 
ការដាក់ចេញនូវយន្តការបច្ចេកវិទ្យាឌីជីថលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថល កសាងម៉ូដែលថ្មីនៃកំណើន សំដៅពន្លឿននីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវាសាធារណៈ និងបង្កើនទំនុកចិត្តជូនវិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធcdcIPM ត្រូវបានកំណត់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp)ដោយមានភា្ជប់ឃូ.អ.កូដ (QR Code) ទៅដែនជាតិ .gov.kh ដើម្បីផ្ទៀងផ្ទាត់។ រាល់ឯកសារទម្រង់ឌីជីថលដែលមានកាលបរិច្ឆេទចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ អាចត្រូវបានទាញយកពីប្រព័ន្ធ cdcIPM ទៅប្រើប្រាស់និងមានតម្លៃជាឯកសារច្បាប់ដើម ដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ក្នុងន័យនេះអ្នកដាក់ពាក្យស្នើសុំ ឬវិនិយោគិនដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្ដល់ឯកសារនានាដែលមានស្រាប់នៅក្នុងឃ្យូ.អ.កូដ នៃឯកសារទម្រង់ឌីជីថលខាងលើ ទៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត មន្ទីរ និងអង្គភាពដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធ និងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគនោះឡើយ៕