ឯកឧត្តម នេត្រ ភក្ត្រា៖ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានបង្ហាញជំនឿទុកចិត្តរបស់បណ្តាប្រទេសទាំងអស់មកឱ្យកម្ពុជា

Narith | ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៨ ៧ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានបង្ហាញជំនឿទុកចិត្តរបស់បណ្តាប្រទេសទាំងអស់មកឱ្យកម្ពុជា ខណៈដែលសន្និសីទនេះនឹងជួយឱ្យកម្ពុជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅក្នុងតំបន់ និងក្រៅតំបន់ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីបង្កើនការយល់ដឹងជាសាធារណៈ និងធានាសន្តិសុខសង្គម។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាពិតជាមានមោទនភាពណាស់ដែលបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ខណៈដែលការធ្វើជាម្ចាស់ផ្ទះនេះ បានបង្ហាញពីជំនឿទុកចិត្តរបស់បណ្តាប្រទេស ក្នុងតំបន់និងពិភពលោក ជាពិសេសវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថាAIBD ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ មិនមែនជារឿងសាមញ្ញនោះទេ។ ការបង្ហាញជំនឿទុកចិត្តរបស់បណ្តាប្រទេស ក្នុងតំបន់និងពិភពលោក ជាពិសេសវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិកមកលើព្រះរាជាណាចក្រកម្ពុជា ដោយសារកម្ពុជាមានសក្ដានុពលគ្រប់គ្រាន់នៅក្នុងការរៀបចំកិច្ចប្រជុំនេះ រួមមាន៖កត្តាសុខសន្តិភាព ស្ថេរភាព មានភាពជាអ្នកដឹកនាំ និងមានបទពិសោធក្នុងការរៀបចំនូវព្រឹត្តិការណ៍ធំៗបែបនេះ។ 

« ជាមោទនភាពដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានន័យថា ជំនឿទុកចិត្តរបស់បណ្តាប្រទេសផ្សេងៗរួមទាំង AIBD ដែលជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលបានផ្តល់ជំនឿទុកចិត្តមកលើកម្ពុជារបស់យើងឱ្យរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រោះខ្ញុំជឿថា ប្រទេសមួយៗដែលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះមិនមែនជារឿងធម្មតាទេ ចំណុចទី១ គឺស្ថេរភាព សន្តិភាព ទី២ភាពជាអ្នកដឹកនាំ ទី៣ដំណើរការនៃការ រៀបចំគឺមានបទពិសោធជឿទុកចិត្តនៅក្នុងការបំពេញកិច្ចការងារដោយមិនថ្លោះធ្លោយ ហើយធ្វើកិច្ចការងារដោយយកចិត្តទុកដាក់ទទួលបានលទ្ធផល។ អីចឹង៣ចំណុចនេះគឺជាផ្នែកមួយសំខាន់ដែលបណ្តាប្រទេសផ្សេងគឺបានផ្តល់ជំនឿទុកចិត្តមកឱ្យកម្ពុជារបស់យើងធ្វើជាម្ចាស់ផ្ទះ ដែលនេះជាចំណុចមួយសំខាន់ណាស់ »។ 

សូមបញ្ជាក់ថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (Asia Media Summit - AMS) លើកទី២០ នៅខេត្តសៀមរាប នឹងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ បណ្ដាប្រព័ន្ធផ្សព្វផ្សាយ វាគ្មិនសំខាន់ៗ និងដៃគូសហការប្រមាណ ៧០០នាក់ មកពីប្រមាណ ៥០ប្រទេស នៅទូទាំងពិភពលោក គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ព្រះរាជាណាចក្រកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលនេះរំពឹងថា ព្រឹត្តិការណ៍នេះនឹងអាចជួយពង្រឹងទៅលើក្របខ័ណ្ឌនៃការទូតព័ត៌មាន ដែលសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការតភ្ជាប់ក្នុងតំបន់ និងពិភពលោកចំពោះបញ្ហាដែលជួបប្រទះរួមគឺ ព័ត៌មានក្លែងក្លាយ ហើយជាពិសេសគឺហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)៕

ឯកឧត្តម នេត្រ ភក្ត្រា៖ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានបង្ហាញជំនឿទុកចិត្តរបស់បណ្តាប្រទេសទាំងអស់មកឱ្យកម្ពុជា