វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ ៧ ២០២៥
អន្តរជាតិ៖ លោក Volker Turk ប្រមុខការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យអាជ្ញាធរបណ្តោះអាសន្នរបស់ស៊ីរី មានការទទួលខុសត្រូវ និងយុត្តិធម៌ ចំពោះការសម្លាប់ និងការរំលោភសិទ្ធិមនុស្សនៅក្នុងទីក្រុង Sweida ភាគខាងត្បូងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីការិយាល័យសិទ្ធិមនុស្ស UN បានទទួលរបាយការណ៍ដែលអាចទុកចិត្តបាន អំពីការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធ Bedouin និងជនជាតិភាគតិច Druze ចំណែកកងកម្លាំងរដ្ឋាភិបាលស៊ីរីក៏បានចូលរួមផងដែរ។ របាយការណ៍ទាំងនោះរួមមាន ការសម្លាប់ដោយគ្មានការកាត់ក្តី ការចាប់ពង្រត់ និងការបំផ្លាញទ្រព្យសម្បត្តិឯកជន ដែលប្រព្រឹត្តដោយកងកម្លាំងសន្តិសុខ និងបុគ្គលដែលជាប់ពាក់ព័ន្ធនឹងអាជ្ញាធរបណ្តោះអាសន្នរបស់ស៊ីរី ព្រមទាំងក្រុមប្រដាប់អាវុធដទៃទៀត រួមមានក្រុម Druze និង Bedouin។ លោក Turk បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអំពើបង្ហូរឈាម និងអំពើហិង្សានេះត្រូវតែបញ្ឈប់ ហើយការការពារប្រជាជនទាំងអស់ត្រូវតែជាអាទិភាពចម្បង។ គួរបញ្ជាក់ថា អ៊ីស្រាអែលក៏បានធ្វើការវាយប្រហារផ្លូវអាកាសទៅលើក្រុងដាម៉ាស និងកងកម្លាំងរដ្ឋាភិបាលនៅភាគខាងត្បូងផងដែរ ដោយអះអាងថាដើម្បីការពារជនជាតិភាគតិច Druze។ លោកក៏បានសម្តែងក្តីបារម្ភផងដែរ បន្ទាប់ពីមានរបាយការណ៍អំពីការស្លាប់ និងជនស៊ីវិលរងរបួសដែលបណ្តាលមកពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល៕