វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ ៧ ២០២៥
អន្តរជាតិ៖ កាសែត The Times បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិកលោក Donald Trump អាចនឹងត្រូវបានគេអញ្ជើញទៅកាន់ទីក្រុងប៉េកាំង នៅដើមខែកញ្ញា ដើម្បីជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ កាសែតបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់រវាងសហរដ្ឋអាម៉េរិក និងចិនបានបង្ខំឱ្យលោក Trump ពិចារណាឡើងវិញនូវអរិភាពរបស់លោកចំពោះទីក្រុងប៉េកាំង ដែលបណ្តាលឱ្យមានការរំពឹងទុកអំពីការអញ្ជើញមេដឹកនាំអាម៉េរិករូបនេះទៅកាន់រដ្ឋធានីរបស់ប្រទេសចិនក្នុងពិធីខួបលើកទី៨០ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរ។ លោក Yury Ushakov ជំនួយការវិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅប្រទេសចិននៅចុងខែសីហា និងដើមខែកញ្ញា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ខួបនៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរនេះ។ គួរបញ្ជាក់ថា ខួបលើកទី៨០ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទីពីរ និងសង្រ្គាមនៃការតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននឹងធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃទី៣ ខែកញ្ញាខាងមុខនេះ៕