៦ខែឆ្នាំ២០២៥នេះ តុលាការចាត់ចំណាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បានជាង៧០%

Narith | ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា 

 

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ តុលាការបានចាត់ចំណាត់ការលើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាទាំងចាស់ ទាំងថ្មីបានចំនួន២៩៥៨ករណី ដោយបានចាត់ការរួចប្រមណជា៧០,៩៨% ។ 

 

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជុំវិញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការនិងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានបង្ហាញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានឡើងជារៀងរាល់ថ្ងៃ ដូច្នេះពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ។ 

 

សេចក្តីប្រកាសបន្តថា អ្នកបើកបរដែលល្មើសនិងច្បាប់ចរាចរណ៍ហើយបង្កគ្រោះថ្នាក់បណ្ដាលឲ្យអ្នកដទៃស្លាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយពាក្យថា បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន នឹងលែងមានតទៅទៀតហើយនៅក្នុងក្របខណ្ឌកំណែទម្រង់នេះ។

សូមបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាមូលហេតុចម្បងដែលបង្កឡើងជាញឹកញាប់ ដោយសារខ្វះការប្រុងប្រយ័ត្ន ខ្វះភ្លើងសញ្ញាចរាចរណ៍ កត្តាអាកាសធាតុ មិនពាក់មួកសុវត្ថិភាព ក៏ជាចំណែកមួយផងដែរ។ រាជរដ្ឋាភិបាលបានណែនាំដល់លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្ត បង្កើនការដាក់ភ្លើងសញ្ញាចរាចរណ៍នៅតាមបណ្តាផ្លូវបំបែកជាបួន នៅតាមបណ្តាក្រុង ស្រុក ព្រមទាំងជំរុញធ្វើការផ្សព្វផ្សាយពី ច្បាប់ចរាចរណ៍នៅតាមសាលារៀន ទីប្រជុំជន និងផ្លូវសាធារណៈជាដើម៕

៦ខែឆ្នាំ២០២៥នេះ តុលាការចាត់ចំណាត់ការសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ បានជាង៧០%