អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ ប្រឆាំងព័ត៌មានក្លែងក្លាយ បាននិងកំពុងបន្តធ្វើដំណើរទៅដល់គ្រប់ច្រកល្ហកក្នុងរាជធានីខេត្ត

Chuon Bona | ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ៖«យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ បាននិងកំពុងបន្តធ្វើដំណើរទៅដល់គ្រប់ច្រកល្ហកក្នុងរាជធានីខេត្ត ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូលនិងការពារពលរដ្ឋពីគ្រោះថ្នាក់ដែលអាចបណ្តាលមកពីព័ត៌មានក្លែងក្លាយ ការប្រឌិត កាឡៃព័ត៌មាន បំភ្លៃការពិត បង្កការភាន់ច្រឡំ និងឆបោកក្នុងសង្គម ដើម្បីកេងចំណេញផ្នែកនយោបាយ ទាញយកប្រយោជន៍សេដ្ឋកិច្ចសម្រាប់តែបុគ្គល ឬក្រុមតូចណាមួយ។

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា «យុទ្ធនាការបាននិងកំពុងមានដំណើរការយ៉ាងសកម្ម ដោយទទួលបានការគាំទ្រពីសាធារណៈជនគ្រប់ទិសទី រីឯការអនុវត្តតាមបណ្តារាជធានីខេត្តមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធដែលបានធ្វើឱ្យយុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយពីសង្គមយើង»។

ឯកឧត្តមបានបញ្ជាក់ថា យុទ្ធនាការនេះត្រូវបានដឹកនាំធ្វើឡើងស្របនឹងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជាក៏ដូចជាបណ្តាប្រទេសដទៃទៀតក្នុងតំបន់និងលើពិភពលោកកំពុងសស្រាក់សស្រាំ និងសហការពួតដៃប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំ(Disinformation) ព័ត៌មានបំភ្លៃ(Malinformation) និងព័ត៌មានក្លែងក្លាយដែលកំពុងចរាចរក្នុងសង្គម ជាពិសេសតាមរយៈបណ្តាញសង្គម។ តាមរយៈលទ្ធផលនៃការអនុវត្តទាំងនេះ យុទ្ធនាការបានលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រជាពលរដ្ឋយើង ដើម្បីឱ្យក្លាយជាពលរដ្ឋឌីជីថលល្អ គឺប្រើប្រាស់ព័ត៌មានបានត្រឹមត្រូវនិងដោយទទួលខុសត្រូវ ជាពិសេសពេលប្រើបណ្តាញសង្គម ដោយចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលសង្គម គ្មានប្រភពច្បាស់លាស់ តួយ៉ាងប្រភពពីក្រៅប្រទេសមួយចំនួនដែលមិនអាចទុកចិត្តបានឡើយ ព្រោះមានចរិកនយោបាយជាតិនិយមជ្រុល ក្រុមដែលមិនស្រលាញ់សន្តិភាព និងមិនគោរពច្បាប់/ច្បាប់អន្តរជាតិក្នុងការដោះស្រាយវិបត្តិ ឬព័ត៌មានដែលមានប្រភពពីMMO មួយចំនួនដែលប្រើបណ្តាញសង្គមសម្រាប់បង្កើតព័ត៌មានក្លែងក្លាយ បង្កចលាចល បង្ខូចកេរ្តិ៍ឈ្មោះ ជេរប្រមាថ ប៉ះពាល់ដល់សិទ្ធិ និងបង្កើតហានិភ័យ ការខាតបង់ប្រាក់កាស ប៉ះពាល់កិត្តិយស និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ជាពិសេសក្រុមជនងាយរងគ្រោះ»។

សូមបញ្ជាក់ថា 

គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ក្នុងត្រីមាសទី២ ឆ្នាំ២០២៥បានរកឃើញចំនួនព័ត៌មានក្លែងក្លាយ ចំនួន៨៧៣ ករណី។ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ១,៧៥៧ ករណី ដែលចំនួននេះមានការកើនឡើងចំនួន ជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕