វិទ្យុជាតិកម្ពុជា÷ មន្ទីរព័ត៌មានខេត្តបាត់ដំបង
ព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងស្ថាប័ននានាក្នុងខេត្តបាត់ដំបង បានសម្តែង ការសោកសង្រេង និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ ព្រះមេគណខេត្តបាត់ដំបង ព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ដែលព្រះអង្គបានទទួលអនិច្ចធម្ម នៅវេលា ម៉ោង ៧យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ៨៨ព្រះវស្សា ដោយជរាពាធ នៅក្នុងវត្តពោធិវាល សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមសាលាគណខេត្តបាត់ដំបង ព្រះសពរបស់ព្រះអង្គត្រូវបានតម្កល់ ក្នុងវត្តពោធិវាល ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុបទាន ឧទ្ទិសមហាកុសលប្រគេនព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ រហូតដល់ថ្ងៃបូជាព្រះភ្លើង ។ ការអនិច្ចធម្មរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់ព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់ប្រជាពុទ្ធបរិស័ទទូទាំងខេត្តបាត់ដំបង និងប្រទេសជាតិ។ ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជាម្លប់ដ៏ត្រជាក់ត្រជុំ ជាព្រះសង្ឃដែលពោរពេញដោយគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ និងការលះបង់ដ៏ធំធេងដើម្បីលើកស្ទួយព្រះពុទ្ធសាសនា និងអភិវឌ្ឍសង្គមជាតិ នាពេលកន្លងមក។
ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យអ៊ឹង ធួង ក្នុងមួយជីវិតរបស់ព្រះអង្គ! ព្រះអង្គបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការសិក្សាធម៌វិន័យ និងដឹកនាំកិច្ចការព្រះពុទ្ធសាសនា បន្សល់ទុកនូវស្នាព្រះហស្ថជាច្រើន ទាំងការកសាងសមិទ្ធផលនានាក្នុងវត្តអារាម ការបណ្ដុះបណ្ដាលព្រះសង្ឃ និងយុវជនឱ្យក្លាយជាពុទ្ធសាសនិកល្អ ក៏ដូចជាការផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទគ្រប់ស្រទាប់វណ្ណៈ។
ទោះបីជាព្រះអង្គបានយាងចូលព្រះនិព្វានក៏ពិតមែន តែគុណូបការៈ និងគំរូវីរភាពរបស់ព្រះអង្គ នៅតែស្ថិតស្ថេរជារៀងរហូតនៅក្នុងដួងចិត្តរបស់ពួកយើងទាំងអស់គ្នា។
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងបុណ្យកុសលដែលព្រះអង្គបានសន្សំ កសាងក្នុងជាតិភពនេះ សូមចូរបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕