សម្ដេចតេជោមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីព្រហើន និងមើលងាយសម្ដេចមកម្លេះ

Chuon Bona | ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២០ ០៧ ២៥

ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ !

 

សម្ដេចតេជោបានបញ្ជាក់ថា ជាការកត់សំគាល់របស់សម្ដេច ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយសម្ដេចក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន។

 

សម្ដេចតេជោបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនលោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៍ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជាមូលហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។

 

សម្ដេចតេជោចង់សួរលោកថា បើខ្ញុំអត់សីលធម៍ ហេតុអ្វីបានជាលោកពឹងពាក់សម្ដេចអស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។

 

សម្ដេចតេជោរំលឹកថា លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួននៅមានទ្រឹស្តីមួយគឺ (ថាក់សុីនគិត ភឿថៃធ្វើ) នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំគួរតែរំលឹកដល់លោក។

 

នៅមានរឿងច្រើនណាស់ដែលខ្ញុំមិនទាន់និយាយរាប់ទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ។

 

សម្ដេចតេជោបន្ដថា ការចោទប្រកាន់ថា លោកដឹកនាំបក្សភឿថៃគឺជារឿងពិត រាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិតអ៊ុងអុីនទេ៕

សម្ដេចតេជោមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីព្រហើន និងមើលងាយសម្ដេចមកម្លេះ