កម្ពុជា មានចិត្ដមនុស្សធម៌ ទោះបីជាប្រទេសថៃបិទច្រកព្រំដែនជាឯកតោតភាគី

Chuon Bona | ថ្ងៃទី 20 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

បន្ទាយមានជ័យ៖ ក្នុងគោលបំណងមនុស្សធម៌ និងទោះបីជាប្រទេសថៃបិទច្រកព្រំដែនជាឯកតោតភាគីតាំងពីថ្ងៃទី៧ ខែមិថុនា, អាជ្ញាធរកម្ពុជាតាមរយៈស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះបានសម្រេចសម្រួលបើកច្រកទ្វារព្រំដែន អនុញ្ញាតដល់វីរៈសេនីយ៍ឯក កនវរ៉ានុន ក្លាន់ព្រំសុវណ្ណ អនុព័ន្ធយោធាថៃប្រចាំនៅរាជធានីភ្នំពេញ រួមដំណើរជាមួយមនុស្សពីរនាក់ ធ្វើដំណើរ តាមរយៈច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីក ដើម្បីទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ។ អនុព័ន្ធយោធាថៃរូបនេះបានឆ្លងកាត់ព្រំដែនកម្ពុជាថៃ និងគ្រោងត្រឡប់មកវិញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

 

សូមបញ្ជាក់ថាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥, រដ្ឋាភិបាលថៃបានប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាឯកតោភាគីដោយមិនមានការជូនដំណឹងជាមុន និងក៏គ្មានការពិភាក្សាជាមួយភាគីកម្ពុជាឡើយ។ កម្ពុជាគ្រាន់តែអនុវត្តវិធានការបិទច្រកព្រំដែនរបស់ខ្លួនតាមក្រោយថៃប៉ុណ្ណោះ។

 

កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «កម្ពុជាចង់បានសាមញ្ញបំផុត រឿងបើកច្រកនេះសុំតែ លក្ខខណ្ឌ ហើយសោរប្រគល់ឱ្យភាគីថៃហើយ បើកចុះមិនចាំបាច់អង្គុយចរចាទេ។ ទី១៖ ថៃប្រកាសបើកមុនជាឯកតោភាគី ហើយបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា, ទី២៖ បើកម្ដង បើកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និងទី៣៖ បើកឱ្យដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ពោលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់» បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលភាគីថៃអនុវត្តនូវលក្ខខណ្ឌ៣ចំណុចនេះហើយ យ៉ាងយូរត្រឹមរយៈពេល៥ម៉ោង កម្ពុជានឹងអនុវត្តតាម ពោលគឺបើកគ្រប់ច្រកវិញទាំងអស់៕

កម្ពុជា មានចិត្ដមនុស្សធម៌ ទោះបីជាប្រទេសថៃបិទច្រកព្រំដែនជាឯកតោតភាគី