វិទ្យុជាតិកម្ពុជា៖ មន្ទីរពត៌មានចំការចេកខេត្តបាត់ដំបង
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង និងប្រគេនទេយ្យទានក្នុងពិធីបុណ្យ នៅបរិវេណវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធនោះ សម្តេចក្រឡាហោម និង លោកជំទាវ បាននាំយកបច្ច័យ និងទេយ្យវត្ថុ សម្រាប់ប្រគេនព្រះសង្ឈក្នុងពិធីបុណ្យទក្ខិណានុប្បទានប្រគេនព្រះសពព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង ដោយមានបច្ច័យចូលបុណ្យ ១០ លានរៀល , លៀង ១០០ ឈុត , ទឹកក្រូច ២០០កេស , និងទឹកសុទ្ធ ចំនួន ៣០០កេស ។
សូមបញ្ជាក់ថា ព្រះឥន្ទមុនី អ៊ុក មុត បញ្ញាបទីបោ ព្រះរាជាគណៈថ្នាក់ចត្វា ព្រះសង្ឃកិច្ចកោសល ព្រះមេគណខេត្តបាត់ដំបង បានទទួលអនិច្ចធម្មនៅ ថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង០០នាទី ដោយជរាពាធ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា នៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ។ ព្រះសព ត្រូវបានតម្កល់ទុកនៅវត្តពោធិ៍វាល សង្កាត់រតនៈ ក្រុងបាត់ដំបង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលប្រគេន ព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីពុទ្ធសាសនាខ្មែររហូតដល់ថ្ងៃបូជាព្រះភ្លើង ៕