វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖ កម្ពុជា ឥណ្ឌូនេស៊ី បានផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការថែមទាំង រួមទាំងការសម្របសម្រួលការទទួលពលរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវបញ្ជូនត្រលប់ទៅវិញ។
ការផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បាននិងកំពុងកើតឡើងនៅក្នុងប្រទេសជាច្រើន ហើយរាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ក្នុងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនអំពីយន្តការសំខាន់ៗ រួមទាំង គ.ប.ឆ.ប. ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្កើត ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ជាមួយនឹងលទ្ធផលគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់កិច្ចប្រឹងប្រែងរួមគ្នានេះ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលផ្តល់កិច្ចសហការក្នុងការជួយសង្គ្រោះពលរដ្ឋឥណ្ឌូនេស៊ីពីទីតាំងឆបោក ក៏ដូចជាការបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ី ត្រលប់ទៅមាតុប្រទេសវិញ។ ឯកឧត្តមបានឯកភាពថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កើតមានឡើងទូទាំងសកលលោក និងគូសបញ្ជាក់ថា ការបង្កើត គ.ប.ឆ.ប គឺស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់អាស៊ាន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ ក្នុងន័យនេះ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា៕