វិទ្យុជាតិកម្ពុជា÷ មន្ទីរព័ត៌មានខេត្តប៉ៃលិន
ឆ្នាំ២០២៥ សម្ដេចពិជ័យសេនា ទៀ បាញ់ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី 21 ខែកក្កដា ឆ្នាំ2025 បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដោយបានជំរុញដល់អនុគណៈកម្មការធ្វើយ៉ាងណាសាងសង់ ឲ្យបានរួចរាល់ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថាខេត្តប៉ៃលិនគឺជាតំបន់ឈ្នួនផ្ទុះសន្តិភាពដ៏ធំ ហើយតំបន់នេះបានធ្វើឲ្យមានការធ្វើសមាហរណកម្មគ្រប់តំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសរហូតចុងក្រោយគឺតំបន់អន្លង់វែង។ ដោយសារតំបន់ប៉ៃលិនជាតំបន់បំផ្ទុះសន្តិភាពសម្ដេចបានបញ្ជាក់ថា ការជំរុញការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នេះប្រសិនបើអនុវត្តន៍ការងាររួចរាល់ សម្ដេចនឹងគ្រោងរៀបចំសម្ពោធជាផ្លូវការនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៥ ។
សម្ដេចបានរំលឹកឡើងវិញថា ហេតុអ្វីបានយើងកំណត់យកថ្ងៃទី២២ ខែតុលាគឺជាថ្ងៃដែលត្រូវសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន ព្រោះថាថ្ងៃទី ២២ ខែតុលា គឺជាថ្ងៃប្រវត្តិសាស្ត្រធំបំផុតសម្រាប់ជាតិយើង ដោយក្នុងនោះគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកអាយុជីវិតជាដើមទុនដើម្បីដោះដូរនូវសន្តិភាព ដោយសម្ដេចបានអញ្ជើញធ្វើដំណើរមកកាន់តំបន់ប៉ៃលិន ដែលកាលណោះតំបន់នេះហាក់មានភាពផុយស្រួយនៅឡើយ ។ សម្ដេចពិជ័យបានសង្កត់ធ្ងន់ថាដោយសារសន្តិភាពមានតម្លៃជាប្រវត្តិសាស្ត្រ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាព សម្រាប់ជាការរំលឹកនិងការចងចាំដល់គុណូបការៈចំពោះ ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ព្រមទាំងវីរ:យុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ត្រូវបាន សាងសង់ឡើង ដោយបញ្ជាក់នូវអត្ថន័យដ៏មាន សារសំខាន់ចំនួនបីរួមមាន៖ ទី ១. កំពូលវិមានដែលមានជ្រុងបីតំណាងឲ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣នាំឲ្យនយោបាយឈ្នះ-ឈ្នះទទួលបានជោគជ័យ ទី ២. តួវិមានដែលមានជ្រុង ៥ តំណាងឲ្យយុទ្ធសាស្ដ្រ DIFID (បំបែក ឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម និងសារសំខាន់ ទី៣. តួវិមានមានជ្រុង ប្រាំពីរ តំណាងកត្តា នាំឲ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ ។
គួរបញ្ជាក់ថាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន ត្រូវបានសាងសង់ឡើងដោយសម្រេចបានផ្ទៃអគាទាំងមូល១០០% ជាមួយនេះការរៀបចំផ្នែកខាងក្នុង ការបំពាក់នូវរូបចម្លាក់នានាកំពុងតែបន្ត និងការរៀបចំទីធ្លាបរិវេណខាងក្រៅផងដែរ៕