កម្ពុជា ហ្វីលីពីន បានចែករំលែកនូវបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារវាងប្រទេសទាំងពីរ

Chuon Bona | ថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតនូវ គ.ប.ឆ.ប. និងបានដាក់ចេញនូវបទបញ្ជាឱ្យរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការរួមគ្នាចុះបង្រ្កាប និងបោសសម្អាតទីតាំងដែលមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស។ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនអំពីតួនាទី និងការទទួលខុសត្រូវរបស់ គ.ប.ឆ.ប. ដែលតាមដាន និងគាំទ្រ ការអនុវត្តរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត និងក្រសួងមហាផ្ទៃ ។

ឯកឧត្តមសន្តិបណ្ឌិតបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

 

លោកជំទាវឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះការសម្រេចបង្កើត គ.ប.ឆ.ប. ដែលបង្ហាញពីការប្តេជ្ញាខ្ពស់របស់រាជរដ្ឋាភិបាល និងកត់សម្គាល់នូវលទ្ធផលជាក់ស្តែងនៃប្រតិបត្តិការបង្រ្កាបរបស់កម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូតបានចែករំលែកនូវបទពិសោធន៍របស់ប្រទេសហ្វីលីពីន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសង្រ្គោះពលរដ្ឋហ្វីលីពីន កន្លងមក។

 

ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ  និងឯកភាពគ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ជាពិសេសការចែករំលែកព័ត៌មានសម្រាប់ការស្រាវជ្រាវ ស៊ើបអង្កេត និងវិធានការច្បាប់ ព្រមទាំងការទទួលយកពលរដ្ឋហ្វីលីពីនត្រលប់ទៅវិញ៕

កម្ពុជា ហ្វីលីពីន បានចែករំលែកនូវបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារវាងប្រទេសទាំងពីរ
កម្ពុជា ហ្វីលីពីន បានចែករំលែកនូវបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារវាងប្រទេសទាំងពីរ
កម្ពុជា ហ្វីលីពីន បានចែករំលែកនូវបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារវាងប្រទេសទាំងពីរ