ក្រុមហ៊ុន CMA CGM GROUPមានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា

Narith | ថ្ងៃទី 19 ខែ មករា ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ១ ២០២៤

a14-94

a15-74

a17-57

a16-64

ភ្នំពេញ ៖ លោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុននេះ មានការិយាល័យច្រើនជាង៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Rodolphe SaaDé ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CMA CGM GROUP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ។
ក្នុងជំនួបនេះ លោក Rodolphe SaaDé បានថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែល បានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន CMA CGM GROUP ជាក្រុមហ៊ុនឡូជីស្ទីកដែលមានការិយាល័យច្រើនជាង ៤០០ និងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសចំនួនប្រមាណជាង ១៦០ នៅទូទាំងពិភពលោក ។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនប្រមាណ ៦២៣ និងយន្តហោះដឹកទំនិញចំនួន ៦ ផងដែរ ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាឡូជីស្ទីក (end-to-end logistics),  សេវាតាមដានអំពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, និងជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ ។
ជាមួយគ្នានេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានជម្រាបជូន អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការធានានូវបរិយាកាសវិនិយោគអំណោយផល និងការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ឱ្យទទួលបាន ភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់។
សូមបញ្ជក់ថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ លោក Rodolphe SAADE ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CMA CGM ដើម្បីពិភាក្សាការងារ។
ក្រុមហ៊ុន CMA CGM មានការិយាល័យច្រើនជាង ៤០០ ដែលកំពុងធ្វើប្រតិបត្តិការ ក្នុងប្រទេសចំនួនច្រើនជាង ១៦០ប្រទេសទូទាំងពិភពលោក។ ក្រុមហ៊ុន ក៏មានកប៉ាល់ សម្រាប់ដឹកជញ្ជូនច្រើនជាង ៦២៣កប៉ាល់ ដែលបានប្រើប្រាស់នៅកំពង់ផែពាណិជ្ជកម្ម ចំនួន ៤២០ក្នុងពិភពលោក។ លើសពីនេះ ក្រុមហ៊ុនក៏មានយន្តហោះ ដឹកទំនិញចំនួន ៦ រួមមាន៖ Airbus A330-200F ចំនួន ០៤ និង Boeing 777 ចំនួន ០២។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបញ្ជាទិញនូវ Airbus A350F ចំនួន ០៤ បន្ថែមផងដែរ។ សេវាកម្មសំខាន់ៗរបស់ក្រុមហ៊ុន រួមមាន៖ សេវាដឹកជញ្ជូនទំនិញទូទាំងពិភពលោក, សេវាភស្តុភារកម្ម (end-to-end logistics),  សេវាតាមដានពីដំណើរការដឹកជញ្ជូន និងការរៀបចំទុកដាក់ទំនិញ, មានជំនាញពាក់ព័ន្ធនឹងកុងតឺន័រសម្រាប់ដឹកទំនិញគ្រប់ប្រភេទ៕