កូរ៉េខាងត្បូងកំពុងស៊ើបអង្កេតការស្លាប់មនុស្ស ២ នាក់បន្ទាប់ពីចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca

 

 

វិទ្យុជាតិកម្ពុជា សម្រួលដោយ កញ្ញា ខៀវ ណាវីន ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១

 

MC. អាជ្ញាធរកូរ៉េខាងត្បូងបាន និយាយនៅថ្ងៃពុធនេះថា ពួកគេកំពុងស៊ើបអង្កេតការស្លាប់របស់មនុស្ស២នាក់ បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយបាននិយាយថា ពួកគេទាំងពីរបានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបានចាក់វ៉ាក់ សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ។

នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃពុធ ទី០៣ខែមីនានេះ។ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា អ្នកជំងឺម្នាក់ដែលមានអាយុ ៦៣ ឆ្នាំដែលកំពុងសម្រាកព្យាបាលនៅផ្ទះមានជំងឺ សរសៃឈាមក្នុងខួរក្បាល បានកើតមាន រោគសញ្ញាគ្រុនក្តៅខ្លាំងបន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំង AstraZeneca ។

សារព័ត៌មានយ៉ុនហាបបាននិយាយថា ភ្លាមៗនោះអ្នកជំងឺត្រូវបាននាំទៅមន្ទីរពេទ្យធំមួយកាលពីថ្ងៃអង្គារ ប៉ុន្តែបានស្លាប់បន្ទាប់ពីបង្ហាញរោគសញ្ញានៃការពុលឈាមនិងជំងឺរលាកសួត។ទីភ្នាក់ងារនេះបាននិយាយថាមនុស្សម្នាក់ទៀតដែលមានអាយុ ៥០ ឆ្នាំដែលមានជំងឺបេះដូងនិងទឹកនោមផ្អែមបានស្លាប់នៅថ្ងៃពុធ បន្ទាប់ពីទទួលរងនូវការគាំងបេះដូងច្រើនដង ក្រោយពីបានចាក់វ៉ាក់សាំងមួយថ្ងៃមុន។

អ្នកនាំពាក្យក្រុមហ៊ុន AstraZeneca នៅទីក្រុងសេអ៊ូលបាននិយាយថាក្រុម ហ៊ុនមិនមានយោបល់អ្វីទាំងអស់នៅពេលនេះ។ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមចាក់ថ្នាំបង្ការប្រជាជនរបស់ខ្លួនកាលពីសប្តាហ៍មុន។ ភ្នាក់ការពារជំងឺឆ្លងកូរ៉េបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃទី២ ខែមីនាមានមនុស្ស ៨៥៩០៤ នាក់បានចាក់វ៉ាក់សាំង AstraZeneca ហើយ ១៥២៤ ត្រូវបានចាក់វ៉ាក់សំាង Pfizer Biotech ៕

Comments

Related posts