វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ មេសា ២០២៥
អន្តរជាតិ៖ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោកXi Jinping បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមកាលពីថ្ងៃទី ១៤ និងទី ១៥ ខែមេសា តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម (CPV) នៃគណៈកម្មាធិការមជ្ឈិម លោកTo Lam និងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោកLuong Cuong។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ជាងមួយឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស To Lam ទៅកាន់ប្រទេសចិន ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping នៅពេលនេះ គឺជាព្រឹត្តិការណ៍នយោបាយបរទេសដ៏សំខាន់របស់បក្សទាំងពីរ និងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងឥទ្ធិពលយូរអង្វែងលើការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិន ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឈានចូលដល់យុគសម័យថ្មីនៃការអភិវឌ្ឍន៍។ នេះគឺជាដំណើរទស្សនកិច្ចលើកទី៤ ទៅកាន់ប្រទេសវៀតណាមរបស់លោក Xi ក្នុងនាមជាមេដឹកនាំកំពូលនៃបក្ស និងរដ្ឋចិន និងជាលើកទីពីរក្នុងអំឡុងមហាសន្និបាតជាតិលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាមCPV និងសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិនCPC ជាពិសេសធ្វើឡើងក្នុងអំឡុង “ឆ្នាំផ្លាស់ប្តូរមនុស្សធម៌វៀតណាម - ចិន” និងក្នុងឱកាសខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតទ្វេភាគី (១៩៥០ - ២០២៥)។ ក្នុងសាររបស់លោក Xi ពេលមកដល់ប្រទេសវៀតណាម លោកបានសម្តែងនូវ
សេចក្តីរីករាយរបស់លោកនៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចនេះ។ លោកបានសង្កត់ធ្ងន់ថា “តាងនាមបក្សកុម្មុយនិស្តចិន រដ្ឋាភិបាល និងប្រជាជនចិន ខ្ញុំសូមអរគុណ នឹងជូនពរដល់បងប្អូនជនរួមជាតិ រដ្ឋាភិបាល និងប្រជាជនវៀតណាម”។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Lam និង លោក Xi បានចូលគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅវិមានរបស់លោក។ ក្នុងអំឡុងពេលពេញមួយជីវិតរបស់ លោកប្រធាន ហូ ជីមិញ និងលោកប្រធានម៉ៅ សេទុង រួមជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរបានបង្កើតឡើង និងខិតខំប្រឹងប្រែងដោយផ្ទាល់ដើម្បីបណ្តុះ “ទំនាក់ទំនងវៀតណាម-ចិនដ៏ជ្រាលជ្រៅ ទាំងសមមិត្ត និងបងប្អូន”។ ទំនាក់ទំនងដ៏រឹងមាំកាន់តែខ្លាំងឡើង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលប្រជាជននៃប្រទេសទាំងពីរចែករំលែកគ្នា ហើយចាំបាច់ត្រូវទទួលមរតក ការពារ និងលើកកម្ពស់៕