លោក Netanyahu ប្រាប់ក្រុមអ្នកសាធារណរដ្ឋថាអ៉ីស្រាអែល នឹងបន្តធ្វើសង្រ្គាមនៅហ្គាហ្សា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a11-172

a12-168
 
អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានប្រាប់ក្រុមសមាជិក ព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋថា អ៉ីស្រាអែលនឹងបន្តធ្វើសង្រ្គាមរបស់ខ្លួនដើម្បីកម្ចាត់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ថ្លែងប្រាប់អ្នកសារព័ត៌មានលោក Jim Risch សមាជិកព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថា លោក Netanyahu នឹងបន្តធ្វើសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សារហូតដល់សម្រេចគោលដៅកម្ទេចក្រុមហាម៉ាស។ " លោក Netanyahu នឹងធ្វើអ្វីដែលគាត់បាននិយាយថាគាត់នឹងធ្វើវា ហើយលោកនឹងបញ្ចប់វា"។ លោក Netanyahu បានថ្លែងសារទៅកាន់ក្រុមសមាជិកព្រឹទ្ធសភាសាធារណរដ្ឋតាមរយៈប្រព័ន្ធវីដេអូបន្ទាប់ពីមេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បានរិះគន់ដោយចាត់ទុកលោក Netanyahu ថាជាឧបសគ្គមួយរារាំងដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាព និងជំរុញឱ្យអ៉ីស្រាអែលរៀបចំការបោះឆ្នោតថ្មីមួយ។ គួរបញ្ជាក់ថា លោក Netanyahu មានទំនាក់ទំនងជិតស្និទ្ធយូរអង្វែងជាមួយក្រុមតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋ ដែលចោទប្រកាន់លោក Schumer ប៉ុនប៉ងផ្ដួលរំលំមេដឹកនាំអ៉ីស្រាអែលរូបនេះ៕

Comments

Related posts