កម្ពុជាគ្រោងនាំចេញផ្លែស្វាយទៅទីផ្សារប្រទេសចិននាចុងឆ្នាំ២០២០នេះ

212

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា០៦ ០៨ ០២០


MC៖រាជរដ្ឋាភិបាលកម្ពុជាគ្រោងនាំចេញផ្លែស្វាយទៅទីផ្សារប្រទេសចិននាចុងឆ្នាំ២០២០នេះ បន្ទាប់ពីប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងលើពិធីសារក្នុងការនាំស្វាយស្រស់មានគុណភាពទៅផ្គត់ផ្គង់តម្រូវការទីផ្សាររបស់ប្រទេសចិន។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ក្នុងរដូវស្វាយផ្លែខាងមុខនេះ កម្ពុជាអាចធ្វើការនាំចេញផ្លែស្វាយទៅទីផ្សារចិនបានហើយ ខណៈដែលលើកទី១ កម្ពុជាមិនបាននាំចេញតាមកិច្ចព្រមព្រាងដោយសារ ជួបវិបត្តិជំងឺកូវីដ-១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក នាព្រឹកថ្ងៃទី៦ ខែសីហានេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ឯកឧត្ដមបានញ្ជាក់ថា ក្រសួងក៏បានចុះណែនាំកសិដ្ឋានរបស់កសិករធ្វើយ៉ាងណាធានាគុណភាពផលិតផលស្របតាមស្ដង់ដា វាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់ រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃបញ្ចប់នីតិវិធី មុនឈានដល់ការនាំចេញស្វាយស្រស់ទៅកាន់ទីផ្សារចិនជាផ្លូវការ។
សំឡេង«ពេលយើងវាយតម្លៃបានចប់សព្វគ្រប់ទាំងចម្ការស្វាយ ឧបករណ៍សម្លាប់មេរោគបានយើងផ្ញើឯកសារភ្ជាប់ជាមួយរូបភាពទៅអគ្គរដ្ឋបាលគយចិន ដើម្បីគេបញ្ជូនមន្រ្ដីជំនាញមកត្រួតពិនិត្យ ហើយបើគេមើលទៅវាយតម្លៃជាប់គេមិនមកនោះទេ អញ្ចឹងគេនៅឆ្លើយឆ្លងជាមួយយើងកែលម្អ ដូច្នេះនៅឆ្នាំក្រោយដែលស្វាយផ្លែយើងអាចនាំចេញបាន»។
ឯកឧត្ដមញ្ជាក់ទៀតថា ការដាក់ឱ្យដំណើរការនាំចេញផ្លែស្វាយទៅទីផ្សារចិននាពេលខាងមុខនេះ កសិដ្ឋានរបស់កសិករដាំស្វាយបានត្រៀមលក្ខណរួចរាល់ហើយ ក្នុងការផ្គត់ផ្គង់ផលិតផលផ្លែស្វាយ ដើម្បីឆ្លើយតបតាមការបញ្ជាទិញពីភាគីចិន។
សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយមានរហូតដល់ ១២៤,៣១៩ ហិកតា ដែលមានសមត្ថភាពអាចប្រមូលផលចំនួន ៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបានជាង ១៥តោន មួយហិកតា ក្នុងមួយរដូវ។ ជាមធ្យមកម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ១,៤៤៨,៦៧៧ តោន ក្នុងមួយរដូវ ដែលអាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ក៏ដូចជានាំចេញទៅកាន់ក្រៅប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង