ឥណ្ឌាកោតសរសើរ និងវាយតម្លៃខ្ពស់លើវិស័យសុខាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ បង្ការការពារវីរុសកូវីដ១៩

71

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ

ភ្នំពេញ៖ ឥណ្ឌាកោតសរសើរ និងវាយតម្លៃខ្ពស់លើវិស័យសុខាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ បង្ការការពារវីរុសកូវីដ១៩បានយ៉ាងល្អប្រសើរ ពិសេសបង្កភាពងាយស្រួល និងសុវត្ថិភាពដល់មន្ត្រីទូត និងប្រជាជនឥណ្ឌាដែលមករស់នៅប្រកបមុខរបរផ្សេងៗនៅប្រទេសកម្ពុជា ខណៈបណ្តាប្រទេសមួយចំនួននៅលើពិភពលោកនៅតែបន្តកើតមានជាបន្តបន្ទាប់។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចូលជួបសម្ដែងការគួរសម និងជម្រាបលា រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួង នៅថ្ងៃទី ១៥ ខែកញ្ញានេះ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងថា លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កម្ពុជា ពិសេសក្រសួងការបរទេស ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការជួយសម្រួលលើការងារជាច្រើន ដែលធ្វើឱ្យបេសកកម្មរបស់លោកជំទាវ រយៈពេលជិត៣ឆ្នាំកន្លងមកនេះ ប្រកបដោយភាពជោគជ័យខ្ពស់ ពិសេសធ្វើឱ្យទំនាក់ទំនងរវាងឥណ្ឌា-កម្ពុជាកាន់តែមានភាពស្អិតរមួតបន្ថែមទៀត ។

លោកជំទាវ បន្ថែមថា បើទោះបីបច្ចុប្បន្នបណ្តាប្រទេសនៅលើពិភពកំពុងជួបប្រទះ​បញ្ហាសុខភាពសា​ធារណៈ​បណ្តាលមក​ពីការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្ដែលោកជំទាវមើល​ឃើញថា​ប្រទេសកម្ពុជា​បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការការពារ និងទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់។

សំឡេង៖« វិស័យសុខាភិបាលលោកជំទាវ ក៏បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ​រដ្ឋាភិបាលកម្ពុជា​យើង​លើការទប់ស្កាត់ជំងឺកូវីដ១៩នេះ ដែលធ្វើឱ្យមន្ដ្រីស្ថានទូត និងប្រជាជនឥណ្ឌាដែលរស់នៅកម្ពុជា មានសុវត្ថិភាព​ក្នុងការធ្វើដំណើរ ក្នុងការរស់នៅប្រកបមុខរបរបរនៅក្នុងប្រទេសយើង ។ហើយពាក់ព័ន្ធនិងវិស័យសុខាភិបាលហ្នឹងទៀត​ដែរលោកជំទាវក៏បានបញ្ជាក់ ដែរ រិះរកហៅថាបង្កើតវ៉ាក់សាំង ទប់ស្កាត់ជំងឺកូវីដ១៩នេះ ហើយប្រសិនបើវ៉ាក់សាំងនេះ បានកើតមានឡើងមែន រកឃើញមែនគឺថា​អាចនិងផ្តល់ទៅ​ដល់ប្រទេស​កំពុងអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ»។

ជាកិច្ចឆ្លើយតបក្នុងជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចូលរួមរំលែកទុក្ខចំពោះរដ្ឋាភិបាលឥណ្ឌា និងប្រជាជនឥណ្ឌា​ដែលជួប​គ្រោះទឹកជំនន់ និងវិបត្តិជំងឺកូវីដ១៩នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលតែងតែជួយដល់កម្ពុជា ពិសេសការផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន និងអាហារូបករណ៍ដល់សិស្ស​និស្សិតចំពោះការ​សិក្សារយៈពេលវែង និងខ្លី៕

អត្ថបទដែលជាប់ទាក់ទង