រដ្ឋបាលរាជធានីភ្នំពេញដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងការពារប្រជាពលរដ្ឋនាឱកាសថ្ងៃភ្ជុំបិណ្ឌ

81

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញដាក់កម្លំាងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងដើម្បីធានាសុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាឱកាសថ្ងៃភ្ជុំបិណ្ឌ។

រដ្ឋបាលរាជធានីភ្នំពេញបានដាក់កម្លំាងប្រចាំការជាច្រើននាក់នៅតាមគោលដៅសំខាន់ៗ ដូចជាតាមទីវត្តកន្លែងសប្បាយ សម្រួលចរាចរណ៍នៅតាមដងផ្លូវ និងពង្រាយកម្លំាងចុះល្បាតតាមភូមិសង្កាត់ដើម្បីការពារសន្តិសុខ ទប់ស្កាត់បញ្ហាចោរកម្មនៅតាមមូលដ្ឋាន។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការត្រៀមកម្លំាងការពារនៅតាមមូលដ្ឋាននេះដើម្បីធានាឱ្យប្រជាពលរដ្ឋនិងពុទ្ធបរិស័ទបានធ្វើបុណ្យប្រកបដោយភាពសប្បាយរីករាយមិនបារម្ភពីបញ្ហាអសន្តិសុខណាមួយកើតឡើង។

ឯកឧត្តមបានបញ្ជាក់ថា រៀងរាល់រដូវបិណ្ឌភ្ជុំនេះ ប្រជាពលរដ្ឋភាគច្រើន បានចាក់សោរផ្ទះចោលដើម្បីទៅលេងស្រុកកំណើត  ដូច្នេះបញ្ហានេះកម្លំាងសមត្ថកិច្ចត្រូវ ប្រយ័ត្នប្រយែងមែនទែនដើម្បីទប់ស្កាត់បញ្ហាចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

សម្លេង «ប្រជាជនចេញពីផ្ទះទៅស្រុក អ៉ីចឹងគាត់អត់យកផ្ទះទៅតាមទេ សម្ភារនៅផ្ទះ អាចមានចោរកម្ម  ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវពង្រឹងកិច្ចការការពារ ដើម្បីទប់ស្កាត់អំពើចោរកម្មជូន ប្រជាពលរដ្ឋ ដែលនេះជាការផ្តល់ភាពកក់ក្តៅជូនប្រជាពរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានសម្តែងការកោតសរសើរដល់កងកម្លំាងគ្រប់ប្រភេទ ដែលបានទប់ស្កាត់បទល្មើសនៅតាមបណ្តាខណ្ឌនានានៅទូទំាងរាជធានីភ្នំពេញឱ្យមានការការថយចុះគួរឱ្យយកត់សម្គាល់ និងមានការពេញចិត្តពេញថ្លើមពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ចំណុចនេះបានបង្ហាញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយ៉ាងត្រឹមត្រូវរបស់កងកម្លំាងមានសមត្ថកិច្ច ។

ចំណុចខ្លំាងនេះបានជួយទាក់ទាញដល់ក្រុមវិនិយោគិនបរទេសមកបោះទុននិវិយោគនៅ កម្ពុជាបានកាន់តែច្រើន។

យោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថានៅតាមទីវត្តអារាមទាំងអស់នៅរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានសហការជាមួយគណៈកម្មការវត្ត និង សន្តិសុខភូមិ ដើម្បីរួមគ្នាជួយសម្រួលចរាចរណ៍ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងវត្តនិងការពារ ម៉ូតូរថយន្តនិងទ្រព្យសម្បតិ្តរបស់ពុទ្ធបរិស័ទឱ្យបានធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ កម្លំាងនគរបាលចរាចរណ៍ផ្លូវគោក ក៏បានរឹតបន្តឹងច្បាប់ចរាចរណ៍នៅតាមដងផ្លូវមានលក្ខណៈតឹងរឹង ដោយទប់ស្កាត់មិនឱ្យមានការដឹកលើសចំណុះនិង ដឹកសំពីងសំពោងជាដើម៕

អត្ថបទដែលជាប់ទាក់ទង