វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់បានជំរុញអ៊ីស្រាអែលអនុញ្ញាតឱ្យផ្តល់ជំនួយ មនុស្សធម៌កាន់តែច្រើនទៅកាន់តំបន់ហ្គាហ្សា មុនពេលធ្វើដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Scholz ធ្វើដំណើរទៅកាន់កំពង់ផែ Aqaba នៃប្រទេសហ្ស៊កដានី នៅសមុទ្រក្រហម សម្រាប់កិច្ចប្រជុំនៅថ្ងៃ អាទិត្យនេះ ជាមួយស្តេចហ្សកដានី Abdullah មុនពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជួបជាមួយលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu។ លោកបានប្រាប់អ្នកយកព័ត៌មានមុនការធ្វើដំណើរថា "ឥឡូវនេះវាចាំបាច់ណាស់ក្នុងការផ្តល់ជំនួយ ដល់តំបន់ហ្គាហ្សាក្នុងទ្រង់ទ្រាយធំ។ នេះនឹងក្លាយជាប្រធានបទដែលខ្ញុំក៏នឹងត្រូវនិយាយផងដែរ"។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការវាយលុកតាមផ្លូវគោកតាមការគ្រោងទុករបស់អ៊ីស្រាអែល ទៅលើទីក្រុង Rafah ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងពាក់កណ្តាលបានភៀសខ្លួនទៅទីនោះ ដើម្បីគេចចេញពីការវាយប្រហាររបស់អ៊ីស្រាអែល។ លោកបានបន្ថែមថា "ការវាយលុកពេញលក្ខណៈ លើទីក្រុង Rafah មានសក្តានុពលក្នុងការបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ ហើយត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង"៕