ពូជប៉េងប៉ោះ OPV ផ្តល់ទិន្នផលខ្ពស់ ហើយធន់ទ្រាំនឹងលក្ខខណ្ឌអាកាសធាតុនៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ពូជប៉េងប៉ោះ OPV (Open Pollinated Variety) បានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មដំណាំបន្លែ ជាពិសេសចំពោះកសិករក្រីក្រ ឬកសិករខ្នាតតូចដែលដាំដុះ សម្រាប់ បរិភោគក្នុងគ្រួសារ ព្រោះវាផ្តល់ទិន្នផលខ្ពស់ ហើយធន់ទ្រាំនឹងលក្ខខណ្ឌអាកាសធាតុនៅកម្ពុជាទៀតផង។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ពូជគឺជាកត្តាសំខាន់ដំបូង ដែលកសិករ ត្រូវគិតគូរពិចារណាឱ្យបានល្អិតល្អន់ មុនសម្រេចចិត្តដាំបន្លែប៉េងប៉ោះ ហើយជាបច្ចេកទេស ការប្រើប្រាស់គ្រាប់ពូជបន្លែ ដែលមានគុណភាពល្អ មានលក្ខណៈធន់ទ្រាំទៅនឹងការបំផ្លាញពីសត្វល្អិត ជំងឺ និងអាកាសធាតុ រួមជាមួយការមើលថែទាំឱ្យ បានដិតដល់ គឺជាកត្តាសំខាន់ដែលធ្វើឱ្យកសិករទទួលបានទិន្នផលខ្ពស់ គុណភាពផលិតផលល្អ ស្របតាមតម្រូវការទីផ្សារ។  

យោងតាមនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងដែរថា ពូជប៉េងប៉ោះក្នុងស្រុក OPV និងពូជមានប្រភពមកពី AVRDC ដែលអាចផ្តល់ទិន្នផលខ្ពស់ ធន់ទ្រាំនឹងលក្ខខណ្ឌអាកាសធាតុនៅកម្ពុជា។ ក្នុងចំណោមពូជទាំងនោះ មានពូជប៉េងប៉ោះចំនួន១៣ពូជ (KK1, KK2, KK3, KK4, KK5, KK6 KK7, KK8, KK9, SKK1, SKK2, SKK3, និង SKK4) ដែលត្រូវបានធ្វើពិសោធន៍ដើម្បីតាមដានទិន្នផល ពិសោធន៍ជម្រើសទិន្នផលបឋម ពិសោធន៍ប្រៀបធៀបទិន្នផល និងបន្សុំាលើចម្ការកសិករ ចាប់តាំងពីឆ្នាំ១៩៩៥។ ពូជខាងលើផ្តល់ទិន្នផលជាមធ្យមប្រមាណពី៥០ទៅ៦០តោនក្នុងមួយហិកតា លើកលែងតែពូជ KK1 (ពូជក្នុងស្រុក) ដែលផ្តល់ទិន្នផលជាមធ្យមប្រមាណ ពី៤០ទៅ៤៥ តោនក្នុងមួយហិកតា។ ពូជប៉េងប៉ោះ OPV ត្រូវបានបន្សុទ្ធ ដាំដុះ និងអភិរក្សនៅស្ថានីយពិសោធន៍ពូជបន្លែក្បាលកោះជាច្រើនឆ្នាំ។ លទ្ធផលនៃការពិសោធន៍ស្រាវជ្រាវបានបង្ហាញថា ពូជទាំងនេះមានលក្ខណៈធន់ទ្រាំនឹងលក្ខខណ្ឌអាកាសធាតុ ជាពិសេសផ្តល់ទិន្នផលខ្ពស់។ កន្លងមក ពូជទាំងនេះត្រូវបាន ផលិតសម្រាប់បញ្ចេញឱ្យកសិករប្រើប្រាស់ដោយឥតគិតថ្លៃ តាមរយៈគម្រោងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា។ 

ជាក់ស្តែង នៅឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្ម បានចែកគ្រាប់ពូជបន្លែចំនួន ៣១,៨៨ តោន ស្មើនឹង ៥២៤ ៨៣៨កញ្ចប់ ជូនដល់កសិករចំនួន ១០៤ ៤៧៨ គ្រួសារ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង ក្នុងខេត្តគោលដៅចំនួន១៧ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ក្រចេះ ខេត្តពោធិ៍សាត់ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ព្រៃវែង តាកែវ កណ្តាល ស្ទឹងត្រែងខេត្ត ប៉ៃលិន កំពត កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង និងខេត្តកំពង់ស្ពឺ៕IMG_20210302_165228_379IMG_20210302_165223_446

Comments

Related posts