អាជ្ញាធររាជធានីភ្នំពេញកំពុងរៀបចំផែនការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនអ្នករត់ម៉ូតូកង់បី Pass App និងកម្មករសំណង់

 

វិទ្យុជាតិកម្ពុជា ៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងរៀបចំផែនការ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បងប្អូនអ្នករត់ម៉ូតូកង់បី Pass App និងកម្មករសំណង់នៅក្នុងសមាគមនិងនៅក្រៅសមាគមនៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់នូវការរីករាល ដាលនៃជំងឺកូវីដ-១៩ ។

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំតាមរយៈប្រពន្ធវីដេអូ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅព្រឹកថ្ងៃទី១៦ខែមេសានេះ នៅសាលារាជធានីភ្នំពេញថា នេះជាការគិតគូររបស់រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានី​ភ្នំពេញ ដើម្បីឲ្យបងប្អូនអ្នករត់ម៉ូតូកង់បីនិង Pass App ព្រមទាំងកម្មករសំណង់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ បានទទួលការចាក់វ៉ាក់សាំងទាំងអស់គ្នា។

លោកបន្តថា ការបើកកិច្ចប្រជុំនេះឡើង គឺដើម្បីរៀបចំជាផែនការមួយក្នុងការចាក់វ៉ាក់សាំងជូនទៅដល់បងប្អូន អ្នកម៉ូតូកង់បី និងបងប្អូនដែលជាកម្មករសំណង់ ហើយអ្វីដែលជាការចង់បាននៅក្នុងកិច្ចប្រជុំនេះ គឺចង់ឱ្យបងប្អូនអ្នករត់ម៉ូតូកង់បី និង Pass Appដែលរកស៊ីនៅក្នុងរាជធានីភ្នំពេញ បានទៅចុះឈ្មោះនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានការចាក់វ៉ាក់សាំង ក្រោមការរៀបចំរបស់អាជ្ញាធរ ដែលត្រូវរក្សាបាននូវគម្លាតសុវត្ថិភាពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៥ ខែមេសា ប្រជាជនបានចាក់វ៉ាក់សាំងរួចរាល់ សរុប ចំនួន ១.២២៣.៣២២នាក់ ក្នុងនោះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងចំនួន២៦៩.២៥៥នាក់ និងក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងចំនួនន ៩៥៤.០៦៧ នាក់៕

Comments

Related posts