ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម អំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចាក់វ៉ាក់សាំងគ្រុនឈាមQdenga

Narith | ថ្ងៃទី 26 ខែ មករា ឆ្នាំ 2024

 

  វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២៦ ០១ ២០២៤

a5-183

a8-162

a7-173

a6-174

  MC៖ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចាក់វ៉ាក់ សាំងបង្ការជំងឺគ្រុនឈាមដែលមានឈ្មោះថាQdenga ខណៈវ៉ាក់សំាងប្រភេទនេះ អង្គការ សុខភាពពិភពលោក (WHO)មិនទាន់ទទួលស្គាល់ ហើយក្រសួងសុខាភិបាលកម្ពុជាក៏មិនទាន់ទទួលស្គាល់ផងដែរ។
  លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបាន ប្រាប់ឱ្យដឹងថា ការហាមមិនឱ្យ ប្រជាពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលមានឈ្មោះថា Qdenga ដោយសារវ៉ាក់សំាង នេះ កំពុងឋិតនៅក្នុងដំណាក់កាលសិក្សាទី៣ នៃដំណាក់កាលសិក្សាទាំង៤នៅ ឡើយ។ ជាងនេះទៅទៀត វ៉ាក់សាំងនេះ ក៏មិនទាន់មានការទទួលពីអង្គការសុខភាពពិភពលោក ខណៈនៅ ប្រទេសហ្វីលីពីនកាលពីពេលកន្លងទៅ  ធ្លាប់បានប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ប្រភេទឈ្មោះ ដាំងវ៉ាក់ស៊ីយ៉ា ដែលបានធ្វើឱ្យកុមារជាង១០០ នាក់បានស្លាប់ ក្នុងចំណោមកុមារជិត១លាននាក់ដែលបាន ចាក់វ៉ាក់សំាងនេះ។ ដូច្នេះវ៉ាក់សាំងបង្ការ ជំងឺគ្រុន ឈាមដែលមានឈ្មោះថាQdenga ដែលបានធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនាពេលកន្លងទៅនេះ ក្រសួងសុខាភិបាលមានការព្រួយបារម្ភទៅដល់ សុខភាព ប្រជាជនទូទាំងប្រទេស ព្រោះអង្គការWHO បានព្រមានអំពីការប្រើប្រាស់វ៉ាក់សាំងនេះ ហើយ ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាម វ៉ាក់សាំងនេះនឹងដើរ តួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយក្នុងករណីកើតជំងឺគ្រុនឈាមនេះលើកទី២ និងមានអាការៈ ជំងឺវិវត្តទៅរកស្ថានភាពធ្ងន់ធ្ងរ។  លោកវេជ្ជបណ្ឌិតបញ្ជាក់ថា អ្វីដែលអាចបង្ការជំងឺគ្រុនឈាមបាន ទាមទារឱ្យប្រជាពលរដ្ឋត្រូវចូលរួមបង្កើនការប្រុងប្រយ័ត្ន ដោយសម្អាតទីធ្លាជុំវិញផ្ទះឱ្យស្អាត គេងក្នុងមុង និងដាក់ថ្នាំអាប៊ែតក្នុងពាង ឬអាងទឹកដើម្បីកុំឱ្យកើតមូសជាដើម។  « អ៊ីចឹងយើងមានការបារម្ភទៅដល់សុខភាពប្រជាជន យើងទូទាំងប្រទេស ដែលគាត់ឃើញបណ្ដាញសង្គមមានការផ្សព្វផ្សាយ ខ្លាចមានការប៉ះពាល់ដល់សុខភាព ដោយសារកន្លងមកនេះអង្គការសុខភាពពិភពលោកក៏អត់ទាន់ទទួលស្គាល់ ហើយអាជ្ញាធរម្ហូបអាហាររបស់សហរដ្ឋអាមេរិកក៏មិនទាន់ទទួលស្គាល់ ហើយនៅស្រុកយើងក្រសួងក៏មិនទាន់ទទួលស្គាល់ ដូច្នេះមិនមានការទទួលស្គាល់ច្រើន ដូច្នេះល្អបំផុតគឺយើងមិនគួរលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយើងចាក់វ៉ាក់សាំងនេះទេ។»
  លោកវេជ្ជបណ្ឌិតបន្ថែមថា ជំងឺគ្រុនឈាមនេះ តែងតែមានការឆ្លងច្រើន ក្នុងរយៈពេល៥ឬ៦ឆ្នាំម្តងព្រោះវាជាវដ្តនៃជំងឺដែលឆ្លងពីមូសខ្លា ដូច្នេះក្នុងឆ្នាំ២០២៤នេះលោកវេជ្ជបណ្ឌិត អំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងត្រៀមទុកជាមុន ដោយសារតែឆ្នាំនេះ គឺជាឆ្នាំវដ្ដនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះលើកចុងក្រោយនៅឆ្នាំ២០១៩។ ក្នុងន័យនេះ  លោកវេជ្ជបណ្ឌិតអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់ រូបរួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងក្រឡ ខាប់ ជាដើម និងអាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនេះឱ្យមានសុវត្ថិភាព ចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិតក្រើនរំលឹកថា ប្រសិនបើសមាជិកគ្រួសារមានអ្នកណាម្នាក់ក្តៅខ្លួនភ្លាមៗ សូមនាំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលានិងត្រឹមត្រូវ ព្រោះជំងឺនេះមានរយៈពេលព្យាបាលតែ ៤៨ ម៉ោងទេ ហើយបើលើសពីនេះគឺអាចពិបាកក្នុងការព្យាបាល។ 
  កាលពីពេលថ្មីៗនេះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខា ភិបាលនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានាតាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់បុគ្គលគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
  សូមបញ្ជាក់ថា ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា ក្តៅខ្លួនចាប់ពី ៣៩ ដល់៤០អង្សាសេ មុខក្រហម ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំនិងសន្លាក់ដៃជើង មានស្នាមអុជៗក្រហមលើស្បែក និងហូរ ឈាមតាមអញ្ចាញធ្មេញជាដើម៕