វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្ហាញការគាំទ្រដល់លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់សម្រាប់ការស្នងតំណែងជំនួស លោក Jens Stoltenberg ជាអគ្គលេខាធិការ បន្ទាប់របស់អង្គការណាតូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អ្នកស្នងតំណែងរបស់លោក Stoltenberg នៅពេលគាត់លាលែងពីតំណែងក្នុងខែតុលា នឹងចូលកាន់តំណែងនៅដំណាក់កាលសំខាន់មួយនេះ ដែលមានភារកិច្ចបន្តគាំទ្រសមាជិកណាតូ សម្រាប់ការការពារអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ខណៈការប្រើប្រាស់យុទ្ធសាស្ត្រខុសណាមួយក្នុងការការពារប្រឆាំងនឹងការកើនឡើងនៃសង្គ្រាម អាចនឹងទាញសម្ព័ន្ធមិត្តយោធាមួយនេះធ្វើសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី។ មន្ត្រីអាមេរិកម្នាក់បាននិយាយថា "ប្រធានាធិបតី Biden គាំទ្រយ៉ាងខ្លាំងចំពោះការតែងតាំងលោក Rutte សម្រាប់តំណែងជាអគ្គលេខាធិការបន្ទាប់របស់ណាតូ" ដោយលោកបានបន្តថា "លោក Rutte មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសារៈសំខាន់នៃសម្ព័ន្ធភាព ហើយការដឹកនាំរបស់គាត់នឹងបម្រើដល់សម្ព័ន្ធភាពបានយ៉ាងល្អនៅពេលដ៏សំខាន់នេះ"។ ការិយាល័យការបរទេសអង់គ្លេសបាននិយាយថា លោក Rutte គឺជាឥស្សរជនដែលមានការគោរពយ៉ាងល្អនៅក្នុងអង្គការ NATO ជាមួយនឹងលក្ខណៈ សម្បត្តិការពារ និងសន្តិសុខយ៉ាងហ្មត់ចត់ ហើយលោកនឹងធានាថា NATO នៅតែរឹងមាំនិងត្រៀមខ្លួន សម្រាប់តម្រូវការការពារស្វ័យភាពណាមួយ៕