លោក ពូទីន តែងតាំងអ្នកជំនាញសេដ្ឋកិច្ចម្នាក់ ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់រុស្ស៉ី ជំនួសលោក Sergei Shoigu

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_1774-3

IMG_1773-3

អន្តរជាតិ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីបានសម្រេចចិត្តតែងតាំងលោក Andrei Belousov ជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក Sergei Shoigu ក្រោមក្របខណ្ឌនៃការរុះរើគណៈរដ្ឋមន្ត្រីដ៏សំខាន់បំផុតមួយ ចាប់តាំងពីបានធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Andrei Belousov មានអាយុ ៦៥ឆ្នាំ និងធ្លាប់ជាឧបនាយករដ្ឋមន្ត្រីម្នាក់ជំនាញខាងសេដ្ឋកិច្ចត្រូវបានគេឃើញនៅក្នុងបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ពូទីន ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Shoigu ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ដោយវិមានក្រឹមឡាំងផងដែរ។ ការរុះរើគណៈរដ្ឋមន្ត្រីរុស្ស៉ីនេះធ្វើឡើងក្នុងឱកាសដែលលោក ពូទីន ចាប់ផ្ដើមអាណត្តិទី៥របស់លោក ក្នុងនាមជាប្រធានាធិបតីស្របទៅនឹងច្បាប់រុស្ស៉ីដែលចែងថាគណៈរដ្ឋមន្ត្រីចាស់ទាំងមូលនឹងត្រូវរំលាយចោលកាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រោយលោក ពូទីន ស្បថចូលកាន់តំណែងជាផ្លូវការ។ កាលពីខែមុនលោក Timur Ivanov ដែលជាអនុរដ្ឋមន្ត្រីម្នាក់របស់លោក Shoigu ត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំក្រោមការស៊ើបអង្កេតពីបទពុករលួយ ខណៈការចាប់ខ្លួននេះត្រូវបានគេបកស្រាយថាជាការវាយប្រហារលើលោក Shoigu និងអាចជាហេតុផលមួយនៅពីក្រោយការសម្រេចចិត្តតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីរបស់លោក ពូទីន៕

Comments

Related posts