តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UN បានបង្ហាញពីការខកចិត្តចំពោះរបាយការណ៍របស់ UN ស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាតិ(UN)នាទីក្រុងហ្សឺណែវ បានបង្ហាញពីការ ខកចិត្ត ចំពោះរបាយការណ៍របស់អង្គការសហប្រជាជាតិ( UN​ ) ស្តីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ។

យោងតាមបទអន្តរាគមន៍របស់ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា នាសម័យប្រជុំ លើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈប្រតិភូកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់លោកជំទាវ ឧត្តមស្នងការសិទ្ធិមនុស្សដែលពុំបានដាក់បញ្ចូល នូវការសម្រេចរបស់រាជរដ្ឋាភិបាល កាលពីខែធ្នូកន្លងទៅឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បន្តអាណត្តិប្រតិបត្តិការតទៀត ប៉ុន្តែបែរជាដាក់បញ្ចូលតែការចោទប្រកាន់ ដែលផ្អែកលើរបាយការណ៍តែម្ខាង ទៅវិញ។  

ក្នុងន័យនេះ កម្ពុជាសូមស្នើយ៉ាងទទូចឱ្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស គោរពឱ្យបាននូវគោលការណ៍មិនជ្រើសតែ មួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម ដូចដែលឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតែរ៉េស ធ្លាប់បានអំពាវនាវ។

ឯកឧត្តម ឯកអគ្គរាជទូតបានបន្តថា សេរីភាពសារព័ត៌មានដ៏រស់រវើក បន្តរីកដុះដាលតាមរយៈវត្តមាន នៃប្រព័ន្ធផ្សព្វផ្សាយ បែបប្រពៃណីនិងឌីជីថលជិត ២.០០០ អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាល ដែលកំពុងដំណើរការ ដោយគ្មានការ ត្រួតពិនិត្យទុកជាមុន។ កម្ពុជាគាំពារអ្នកសារព័ត៌មានដែលធ្វើការប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត។ គណនីហ្វេសប៊ុកចំនួនជិត១២ លាន ស្មើនឹង ៧០ % នៃចំនួនប្រជាជនកម្ពុជាសរុប បានបន្តបញ្ចេញនូវ ទស្សនៈតិះទៀនដោយសេរី និងដោយផ្ទាល់ ចំពោះកិច្ចការ និងសេវាសាធារណៈរបស់រដ្ឋាភិបាល ។

ឯកឧត្តមឯកអគ្គរាជទូតបន្តទៀតថា ចំពោះការចោទប្រកាន់ថា លំហសង្គមស៊ីវិលត្រូវបានរឹតត្បិត គឺមិនត្រឹមត្រូវទេ ព្រោះវត្តមាន អង្គការសង្គមស៊ីវិលចុះបញ្ជីជិត៦.០០០ កំពុងប្រតិបត្តិការប្រកបដោយថាមវន្ត និងគ្មានការបង្អាក់រំខាន ហើយបាននិងកំពុង បោះពុម្ពផ្សាយរបាយការណ៍និងបញ្ចេញទស្សនៈរិះគន់រដ្ឋាភិបាលជាប្រចាំ និងឥតស្រាកស្រាន្ត។ ភាពជាដៃគូកាន់តែជិតស្និទរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលក៏ត្រូវបានលើកតម្កើងតាមរយៈយន្តការពិគ្រោះយោបល់ជាទៀង ទាត់។ បាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួលដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្ដុំដោយសន្តិវិធី ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ 

ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា រាល់វិធានការផ្លូវច្បាប់និងរដ្ឋបាលទាំងអស់សុទ្ធសឹងតែត្រូវបានអនុវត្ត នៅក្នុង ព្រំដែននៃច្បាប់។ ម្យ៉ាងទៀត រាល់ការចោទប្រកាន់ផ្សេងៗដែលត្រូវបានបញ្ជូនទៅតុលាការ គឺពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ និងការរំលោភរដ្ឋធម្មនុញ្ញ។ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃ សិទ្ធិទទួលបាននូវការជំនុំជម្រះស្របតាមច្បាប់ ។ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញា ធានានូវការអនុវត្តរាល់សិទ្ធិនិងសេរីភាពមូលដ្ឋានក្នុងក្របខ័ណ្ឌនៃនីតិរដ្ឋ៕

Comments

Related posts