កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាលដែលបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ

វិទ្យុជាតិកម្ពុជា

កម្មករនិយោជិតនៃរោងចក្រ Y&W អរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជូនកម្មករ ខណៈសហជីពវាយតម្លៃខ្ពស់អំពីដំណោះស្រាយរបស់ក្រសួងការងារលើករណីរោងចក្រ Y&W នេះ។ 

 

កញ្ញា ឡាយ ថាវង្ស ដែលជាកម្មករិនី Y&W ថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលបើទោះបីថ្ងៃសៅរ៍ អាទិត្យក៏ដោយ ក៏នៅតែធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទាំងអស់ផងដែរ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់នៅពេលដែលទទួលបានប្រាក់ឈ្នួលនៅពេលនេះ»។ 

 

លោក ធន ពន្លឺ ដែលជាកម្មករនៃរោងចក្រ Y&W លើកឡើងថា ខ្លួនសប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ។ លោកអរគុណរាជរដ្ឋាភិបាលដែលធ្វើការទាំងថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលឱ្យកម្មករនិយោជិតនៃរោងចក្រ Y&W ទាំងអស់ផងដែរ។

 

ដោយឡែកលោកស្រី ឱក ចន្ថា ដែលជាកម្មករិនីនៃរោងចក្រ Y&W កោតសរសើររាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានដោះស្រាយករណីរោងចក្រ Y&W ហើយកម្មករនិយោជិតទាំងអស់ទទួលបានការដោះស្រាយដ៏សមស្របមួយ។ 

 

លោកស្រីថា៖«ខ្ញុំមិននឹងស្មានថាក្រសួងធ្វើការនៅថ្ងៃសៅរ៍ អាទិត្យ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករទេ។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែន ដែលក្រសួងខិតខំធ្វើការដើម្បីបើកប្រាក់ឈ្នួលជូនកម្មករពួកខ្ញុំ។ ខ្ញុំសប្បាយចិត្តណាស់នៅពេលនេះ ខ្ញុំបានទាំងកូន និងសំណងផងដែរ ពីព្រោះខ្ញុំទើបសម្រាលកូនថ្មីៗនេះ»។ 

 

ទន្ទឹមនឹងនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិមើលឃើញថា ការបំពេញការងារទាំងថ្ងៃសៅរ៍ អាទិត្យ ទាំងយប់ទាំងថ្ងៃ លើករណីរោងចក្រ Y&W ជាពិសេសអំឡុងពេលបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនៅពេលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត។ 

 

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុន Y & W នៅសាលាខណ្ឌដង្កោ។ ក្នុងនោះគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះមានកម្មករនិយោជិតនៃរោងចក្រ Y&W សរុបចំនួន ៣៧២៤ នាក់បានមកបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។ 

 

ដោយឡែកកម្មករនិយោជិត ដែលមិនទាន់បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់មុខងារផ្សេងៗ អាចបន្តបើកនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយភ្ជាប់មកជាមួយនឹងឯកសារតម្រូវដូចមានក្នុងសេចក្តីណែនាំ៕2CD04522-19F6-4743-B072-D7B3B2EE2827C76001FC-D64E-402F-B1AB-C19474917AAD60694800-653A-4100-85AB-9027B3766B498699C37F-7F16-444A-9FF4-B12FDD107136FE3D7234-BE76-4491-8BC2-9E56138D4B3E35445FCB-BBEA-4355-ADFA-831740CBDA1B1768462D-CD6F-4807-B3C7-7F906BD0C455

Comments

Related posts