សភាសម្ព័ន្ធសហជីពជាតិកម្ពុជារៀបចំកម្មវិធីអាហារសាមគ្គីក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋមន្ត្រីក្រសួងការងារដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ 1ឧសភា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ កាលពីថ្ងៃទី1ឧសភា ឆ្នាំ2024 សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានរៀបចំកម្មវិធីអាហារសាមគ្គីដើម្បីអបអរសាទរខួបទី138 នៃទិវាពលកម្មអន្តរជាតិ 1ឧសភា ដែលមានថ្នាក់នាំសហភាព សហព័ន្ធ និងសហជីពមូលដ្ឋាន ចំនួន៤២០ នាក់ចូលរួម ក្រោមអធិបតីភាព ឯកឧត្តម សាន គឹមហុង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម សួង ហួត ប្រធានNACC បានថ្លែងថា÷ថ្ងៃទិវាពលកម្មអន្តរជាតិ១ ឧសភានេះ គឺមានជាប់ទាក់ទងនឹងចលនាបដិវត្ត របស់កម្មករ និយោជិត នៅក្នុងសហរដ្ឋអាមេរិក ដោយសារ ការរំលោភបំពាននិងបង្ខំកម្មករ ឱ្យធ្វើការចាប់ពី១០ម៉ោង ទៅ១៦ ម៉ោងក្នុង១ថ្ងៃហើយទទួលបានប្រាក់ខែទាប ។នៅឆ្នាំ១៨៨៤ កម្មករនិយោជិត បានរួមគ្នាបង្កើតជាសហព័ន្ធពាណិជ្ជកម្ម និង សហជីពកម្មករអាមេរិក ហើយបានទាមទារនិយោជក ឱ្យកំណត់ម៉ោងធ្វើការត្រឹមតែ ប្រាំបីម៉ោងតែ ប៉ុណ្ណោះ។ភ្លាមៗនោះ និយោជក មិនបានឆ្លើយតបនឹងសំណើនេះទេ ជាហេតុ ធ្វើឱ្យមានការធ្វើកូដកម្ម និង បាតុកម្មទាមទារម៉ោងធ្វើការត្រឹមតែ ៨ម៉ោង។ រហូតដល់ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ១៨៨៦ ការតវ៉ាដែលមានការចូលរួមពីសំណាក់កម្មករប្រមាណ៣០ម៉ឺននាក់ និង ក្រុមអ្នកជំនួញ រាប់ពាន់នាក់ផងដែរ បាននាំគ្នាធ្វើកូដកម្មដើម្បីបន្តការទាមទារ ក្នុងពេលនោះកម្មករ ត្រូវបានចាប់ខ្លួន និងបានប៉ះទង្គិចជាមួយនឹងកងកម្លាំងរដ្ឋាភិបាលអាមេរិក ហើយបញ្ហានេះ ត្រូវបានលើកទៅសម្រេចនៅក្នុងកិច្ចប្រជុំទីក្រុងប៉ារីស ក្នុងឆ្នាំ ១៨៩០ ការកំណត់ពេលម៉ោងធ្វើការ ៨ ម៉ោងត្រូវបានទទួលស្គាល់ជាផ្លូវការ និង ចាប់ផ្តើមអនុវត្ត ចាប់ពីឆ្នាំ១៨៩០ ។

គួរបញ្ជាក់ថា ប្រសិនបើមិនការការតវ៉ាទ្រង់ទ្រាយធំនៅក្នុងទីក្រុង Chicago ថ្ងៃទី០១ ឧសភា ឆ្នាំ១៨៨៦ ថ្ងៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ក៏មិនមានដែរ។

ដោយឡែកនៅថ្ងៃនេះសភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានរៀបចំកម្មវិធីជួបជុំពិសាអាហារសាមគ្គីដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា ក្រោមប្រធានបទ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសកំណត់អំពីគោលការណ៍នៃការប្រឡងប្រណាំង ដណ្តើមពានរង្វាន់ សហគ្រាសមួយជាសហគមន៍សុខសាន្ត ប្រកាសនេះមានគោលបំណងចូល

រួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ និងបង្កើនផលិតភាពការងារ តាមរយៈការរៀបចំយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយជាសហគមន៍សុខសាន្តមួយនៅទូទាំងប្រទេសក្នុងនោះប្រកាសរបស់ក្រសួងបានកំណត់ចេញនូវការអនុលោមភាពចំនួន៨ដូចខាងក្រោម៖

ទី១៖ អនុលោមភាពនៃលក្ខខណ្ឌការងារល្អគឺសំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារពីក្រសួងការងារមិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ

ទី២៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង

ទី៣៖ អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈសំដៅដល់សហគ្រាស ដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាសនិងមានយន្តការកិច្ចសន្ទនាសង្គម។

និងទី៤៖ អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារសំដៅដល់សហគ្រាស ដែលមិនមានគ្រោះថ្នាក់ការងារ និង មានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀននៅកន្លែងការងារ

ទី៥៖ អនុលោមភាពនៃរបបសន្ដិសុខសង្គមសំដៅដល់សហគ្រាស ដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។

ទី៦៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការសំដៅដល់សហគ្រាស ដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប។

ទី៧៖ អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារសំដៅដល់សហគ្រាស ដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញនិងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត។

និងទី៨៖ អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គមសំដៅដល់សហគ្រាស ដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំង ចូលរួមការងារសង្គមផ្សេងៗ។

ចំពោះការវាយតម្លៃ«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ត្រូវរៀបចំឡើងដោយគណៈកម្មការវាយតម្លៃមួយ ស្របតាមបែបបទនិងនីតិវិធី ដែលកំណត់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សហគ្រាសដែលទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តដូចជា ទទួលបានពានរង្វាន់ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលមាន វិញ្ញាបនបត្រសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ និង ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ ស្របតាមកម្រិត នៃពានរង្វាន់ ដែលទទួលបាន។

ឯកឧត្តម សួង ហួត បានបញ្ជាក់ថា សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ អាចធ្វើទៅបានលុះត្រាតែ មានភាគីពាក់ព័ន្ធសំខាន់មួយចំនួន រួមមានភាគី និយោជក ភាគីកម្មករ និយោជិត ភាគីរដ្ឋាភិបាលនិងភាគីសហជីពដែលតំណាងឱ្យកម្មករ និយោជិត។ក្នុងចំណោមភាគីទាំងអស់នេះ បើមានភាគីណាមួយមិនចូលរួមសហការល្អជាមួយគ្នានោះទេ សហគ្រាសនោះនិងមិនមានភាពសុខសាន្តទៅបានឡើយ។

សហជីពគឺជាតួអង្គដ៏សំខាន់មួយដែលមិនអាចខ្វះបានឡើយនៅក្នុងការរួមចំណែកបង្កើតឱ្យមានសហគមន៍សុខសាន្ត ដូច្នេះគេមិនអាចទាត់ចោលឬបំភ្លេចចោលការជាប់ពាក់ព័ន្ធរបស់សហជីពបានឡើយ។គ្មានការចូលរួមសហការពីអង្គការសហជីពគឺគ្មានសហគមន៍សុខសាន្តឡើយ។តែទន្ទឹមនិងនេះថ្នាក់ដឹកនាំសហជីពទាំងអស់ត្រូវ៖

១-ខិតខំចងក្រង បង្កើតសហជីពមូលដ្ឋានឱ្យបានច្រើន

២-សហជីពទាំងអស់ត្រូវចេះរួមសហការណ៍ល្អជាមួយគ្នាឱ្យទៅជាសំឡេងតែមួយ

៣-អភិវឌ្ឍសមត្ថភាពរបស់ខ្លួនរួមទាំងចំណេះដឹង ជំនាញដើម្បីរត់ឱ្យទាន់សម័យទំនើបកម្មបច្ចេកវិទ្យា

៤-ថ្នាក់ដឹកនាំសហជីពទាំងអស់ត្រូវអនុលោមតាមច្បាប់ការងារ ច្បាប់សហជីព និងច្បាប់នានារបស់កម្ពុជា

ជាចុងក្រោយ ឯកឧត្តមបានថ្លែងអំណរគុណឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានឧបត្ថម្ភថវិកាសម្រាប់រៀបចំកម្មវិធីជួបជុំនេះ៕photo_2024-05-02_09-26-20photo_2024-05-02_09-26-13

photo_2024-05-02_08-55-10

photo_2024-05-02_09-26-23

photo_2024-05-02_09-26-26

photo_2024-05-02_09-26-29

photo_2024-05-02_09-26-39

Comments

Related posts