តម្រូវការផ្ទះចល័តបែបលំហែកាយមានសន្ទុះកើនឡើង

វិទ្យុជាតិកម្ពុជា៖ ម៉ៅ សុខរីម
MC៖ ប្រជាពលរដ្ឋកាន់តែច្រើន បានងាកមកចាប់ អារម្មណ៍លើផ្ទះចល័តបែបលក្ខណៈជាផ្ទះលំហែកាយសម្រាប់ដាក់នៅតាមរមណីយ ដ្ឋាន  រីសត ដីចម្ការជាដើម ព្រោះវាមានតម្លៃសមរម្យងាយស្រួលក្នុងការស្នាក់នៅ​​និងអាចចល័តពីកន្លែងមួយទៅកន្លែងមួយទៀតបាន ។
 
លោកស្រី ដួង សុផាវី ម្ចាស់សិប្បកម្មផ្ទះចល័ត ស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា សិប្បកម្មរបស់លោកស្រី មានភ្ញៀវមកកម្មង់ធ្វើជាផ្ទះសំរាប់លំហែកាយ នៅតាមចម្ការ និងតាមរីសត សម្រាប់ការស្នាក់នៅបែបលំហែកាយ មានជាហូរហែ។ អ្នកស្រីបញ្ជាក់ថា ដោយសារ តែអតិថិជន មានគំនិត ចង់ច្នៃប្រឌិត និងការរចនាម៉ូត បន្ទប់ទៅតាមចំណងចំណូលចិត្តនោះ ទើបធ្វើឱ្យ ផ្ទះលំហែកាយនេះ មានភាពស្រស់ស្អាត ប្លែក ទាំងបុរាណ និងសម័យ ។

សំឡេង៖«ដោយសារបងឃើញប្រទេសជិតខាងគាត់ដើរមុនយើងហើយភាគច្រើនគាត់និយមប្រើអាហ្នឹងដែរហើយណាមួយទៀតបងគិតថាបងប្អូននៅស្រុកខ្មែរយើងគាត់អត់ការងារធ្វើច្រើនយើងបង្កើតមុខរបរមួយស្មើ នឹងយើងជួយ​​បងប្អូន​​ជាច្រើននៅក្នុងស្រុកខ្មែរ មិនត្រឹមតែជួយគាត់ទេ គឺជួយដល់ក្រុមគ្រួសារគាត់ដែលនៅផ្ទះប្រពន្ធកូនគឺយើងការពារការចំណាក ស្រុកបានច្រើនជួយទាំងគាត់ជួយទាំងគ្រួសារគាត់​​បានរស់នៅជុំគ្នាតែម្ដង »។
 
   ម្ចាស់សិប្បកម្មរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់ប្រកបមុខរបរអ្វីមួយ គួរស្វែងយល់ឱ្យបានច្បាស់ លាស់ពីទីផ្សារនាពេលបច្ចុប្បន្ន និងបច្ចេកទេសក្នុងការធ្វើឱ្យបានត្រឹមត្រូវកុំឱ្យខាតបង់ថវិកា ។
 
សូមបញ្ជាក់ថា សិប្បកម្មផ្ទះចល័តនេះបង្កើតតាំងពីឆ្នាំ ២០១៨ ដែលមានសមាជិកចំនួន៣៥នាក់ និងមានផ្ទៃដីអាចសាងសង់ផ្ទះបានចំនួន ១០ខ្នងរហូតដល់៣០ខ្នង តាមទំហំ ចំនួន តិចឬច្រើន សម្រាប់តម្លៃចាប់ពី៩៥០០ ដុល្លារ រហូតទៅដល់ ៥០០០០ដុល្លារ តាមចំនួនបន្ទប់ដែលអតិថិជនបានបញ្ជាទិញ៕
 

Comments

Related posts