កីឡាករ កីឡាការិនីកម្ពុជា បានចាប់ផ្តើមហ្វឹកហាត់ត្រៀមស៊ីហ្គេមចុងឆ្នាំនេះនៅវៀតណាមនិងនៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

MC៖  ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា ត្រូវបានដំណើរការឡើងវិញ ក្នុងការត្រៀមសម្រាប់ស៊ីហ្គេមចុងឆ្នាំនេះនៅវៀតណាមនិង

ស៊ីហ្គេមនៅឆ្នាំ ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ខណៈដែលជំងឺកូវីដ១៩ អាចគ្រប់គ្រងបាន។ 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខា ធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេ ខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ បានមានប្រសាសន៍ប្រាប់វិទ្យជាតិកម្ពុជាឱ្យដឹងថា  ការហ្វឹកហាត់របស់កីឡាករ កីឡាការិនី បានចាប់ផ្តើមវិញហើយ នៅដើមឆ្នាំ២០២១ នេះ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា  ត្រូវបានគ្រប់គ្រងទាំងស្រុង ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមផង ហើយត្រៀមស៊ីហ្គេមលើកទី៣២នៅកម្ពុជាឆ្នាំ២០២៣ផង  ដើម្បីប្រកួតប្រជែងដណ្តើមយកមេដាយឱ្យបានច្រើនជូនជាតិមាតុភូមិ ។  ឯកឧត្តមបានបន្ថែមថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងក្រសួងអប់រំ យុវជននិងកីឡា  បានពង្រឹងនូវការរៀបចំគ្រប់គ្រង ដឹកនាំហ្វឹកហាត់ឱ្យកាន់តែមាន ប្រសិទ្ធភាព  និងការយកចិត្តទុកដាក់ សម្រាប់ផែនការថ្មីៗបន្តទៀត ដើម្បីឈានសម្រេចទទួលបានជោគជ័យនាពេលខាងមុខនេះ ។

សំឡេង « ឥលូវយើងឃើញ ថា កីឡាករ កីឡាការិនីយើងតាមសហព័ន្ធមួយៗមមាញឹកក្នុងការហ្វឹកហាត់ឡើងវិញហើយ បន្ទាប់ពីព្រឹត្តិការណ៍២៨ វិច្ឆិកាត្រូវបានបញ្ចប់ គឺបានចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមប្រកួតហើយ គ្រប់ប្រភេទកីឡាទាំងអស់បាន ត្រូវកោះហៅមកធ្វើការហ្វឹកហាត់ប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិរបស់ខ្លួនឡើងវិញបណ្តើរៗហើយ ធ្វើការហ្វឹកហាត់យ៉ាងសកម្ម អ៊ឺចឹងនេះគឺជាផែនការ ។ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានិងក្រសួងអប់រំយុវជននិងកីឡា បានពង្រឹងនូវ ការរៀបចំគ្រប់គ្រងដឹកនាំប្រកបដោយប្រសិទ្ធភាព នូវការយកចិត្តទុកដាក់ថ្មី ផែនការថ្មី ដើម្បីជំរុញឱ្យស៊ីហ្គេមនៅវៀតណាម ឆ្ពោះទៅស៊ីហ្គេម២០២៣នៅកម្ពុជាបានជោគជ័យ អ៊ឺចឹងសមត្ថភាពនៃការហ្វឹកហាត់ត្រូវពង្រឹងពីឥលូវទៅ  អ៊ឺចឹងរឿងនេះបានធ្វើយ៉ាងហ្មត់ចត់ ជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធបានច្រើនដងហើយ ដើម្បីសម្រួចការងារហ្នឹង » ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងធ្វើនៅរដ្ឋធានីហាណូយចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ ផ្ទះ ចាប់ពីថ្ងៃទី០៥ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ៕3199A9AB-A60C-40F8-AE00-411AD52E2225

Comments

Related posts