សម្តេចក្រឡាហោម បញ្ជាឱ្យសមត្ថកិច្ចពន្លត់អគ្គីភ័យ បញ្ឈប់ការតថ្លៃជាមួយប្រជាពលរដ្ឋដែលកំពុងជួបប្រទះគ្រោះអគ្គិភ័យ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ សម្តេចក្រឡាហោម សខេង បានបញ្ជាឱ្យចុះត្រួតពិនិត្យករណីសមត្ថកិច្ចពន្លត់អគ្គិភ័យ តថ្លៃជាមួយប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះគ្រោះអគ្គិភ័យ ខណៈដែលប្រជាពលរដ្ឋកំពុងតែរងគ្រោះបានប្រាក់មកពីណា ក្នុងពេលដែលទ្រព្យ សម្បត្តិរបស់ខ្លួនកំពុងតែត្រូវបានភ្លើងឆាបឆេះនោះ។

ថ្លែងក្នុងពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាល នាថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ក្រោយពីមានមន្ត្រីពន្លត់អគ្គិភ័យមួយចំនួន បានទៅដល់កន្លែងដែលកើតហេតុ ហើយមិនបានធ្វើសកម្មភាពបាញ់ពន្លត់ភ្លើង បែរជានៅតថ្លៃជាមួយម្ចាស់ផ្ទះ ដើម្បីទាមទារលុយកាក់  ដែលនេះគឺជារឿង ដែលមិនគួរកើតមានឡើយ ខណៈដែលពួកគាត់កំពុងរងគ្រោះ។ 

សម្តេចក្រឡាហោមបានអំពាវនាវ និងស្នើដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ដើម្បី ធ្វើការត្រួតពិនិត្យលើបញ្ហានេះ ដោយដោះស្រាយរាល់បញ្ហាកុំឱ្យកើតមានការតថ្លៃជាមួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះនេះ ដោយត្រូវសិក្សាផ្តល់ប្រាក់ឧបត្ថមលើកទឹកចិត្តដល់មន្ត្រី ដែលចុះបំពេញបេសកកម្ម ធ្វើយ៉ាងណាកុំឱ្យមន្ត្រីទៅតថ្លៃ ជាមួយ ប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ព្រោះពលរដ្ឋដែលកំពុងតែរងគ្រោះបានប្រាក់មកពីណា ដើម្បីផ្តល់សេវាបង់ថ្លៃការពន្លត់ អគ្គិភ័យនោះ ក្នុងពេលដែលទ្រព្យសម្បត្តិរបស់ខ្លួនកំពុងតែត្រូវបានភ្លើងឆេះ។

សំឡេង៖  «ឡានទៅដល់ហើយបញ្ឈរច្រូង នៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ។ មានភ្លើងភ្លឹបភ្លែតនៅហ្នឹង ឡានព្រោងព្រាត អត់ទាន់បាញ់នៅតថ្លៃគ្នាសិន។ ឃើញទេ អានេះដែលចង់និយាយថា សមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយមិនត្រូវទេ។ អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុង គឺត្រូវមើលអាហ្នឹង។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋ ការពិតហើយជួនគ្នាប្រាក់ខែតិចតួច យើងយល់បញ្ហាហ្នឹង យើងត្រូវមានគោលនយោបាយលើកទឹកចិត្ត។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្ម ដោយយកអាហ្នឹងធ្វើអាជីវកម្ម សម្រាប់ខ្លួនទេអាហ្នឹងវាអត់ត្រូវទេខុសហើយ។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹង ដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន។ យើងសុខចិត្តថា ត្រូវថែមប្រាក់ឧបត្ថម្ភ ឬប្រាក់លើកទឹកចិត្ត ក្នុងករណីមួយៗទៅវិញ កុំទៅតថ្លៃ  ហើយតថ្លៃយ៉ាងម៉េច បើគ្នាកំពុងរងគ្រោះ ភ្លើងវាឆេះផ្ទះ ទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យ អាហ្នឹងមិនងាប់គ្នាទៀតហើយ តើពួកគាត់បានលុយពីណាឱ្យបើលុយវានៅក្នុងភ្លើងអស់ហើយហ្នឹង »

យោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅឆ្នាំ២០២០ គ្រោះអគ្គិភ័យ បានកើតឡើងចំនួនប្រមាណ ៩៣៧ករណី បណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និង រងរបួស៣៦នាក់៕331D076B-E710-4012-961F-85205E96539872C80311-128D-46F8-B28D-87B433D1B827481046CB-7265-4B91-9400-767EEC86CEA6

Comments

Related posts