ក្រសួងមហាផ្ទៃវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង ការទប់ស្កាត់សកម្មភាពប្រឆាំងការជួញដូរមនុស្ស នៅខេត្តសៀមរាប

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

សៀមរាប៖ ​ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងទប់ស្កាត់សកម្មភាពប្រឆាំងការជួញដូរមនុស្ស នៅខេត្តសៀមរាប ដែលបានផ្តល់សុវត្ថិភាព សំដៅលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ការងារដល់ប្រជាពលរដ្ឋ ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារបន្តឆ្នាំ២០២១ របស់គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ(គ ជ អ ប)មានប្រសាសន៍ថា ទោះបីសកម្មភាពជួញដូរមនុស្សនៅកម្ពុជា នៅតែកើតមាន តែសមត្ថកិច្ចពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការ ឆ្លើយតបបន្ទាន់ចំពោះបទល្មើសជាក់ស្តែង ដែលជនឆ្លៀតឱកាសបានបង្កើតឡើងជារូបភាពថ្មីៗ។

លោកជំទាវបញ្ជាក់ថា ខេត្តសៀមរាបក៏ជាខេត្តគំរូមួយ ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់រូបភាពនៅក្នុង សង្គម ខណៈដែលខេត្តទេសចរណ៍ដ៏ល្បីល្បាញធំជាងគេនៅកម្ពុជានេះ មានសកម្មភាពទេសចរណ៍គ្រប់រូបភាព ដែលងាយ ប្រឈមនឹងអំពើជួញដូរមនុស្ស។

សូមជម្រាបផងដែរថា ក្នុងរយៈពេលមួយឆ្នាំ២០២០កន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កងរាជអាវុធហត្ថខេត្ត និងកម្លាំងរដ្ឋបាលពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវ បង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន ១៧ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៩ ថយចុះ៤ករណី ស្មើនឹង២៣ភាគរយ៕IMG_20210223_190355_192IMG_20210223_190352_129IMG_20210223_190348_344

Comments

Related posts