កម្ពុជារំពឹងថាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តកាន់តែច្រើន

 

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា 

 

ភ្នំពេញ៖ កម្ពុជា រំពឹងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខាងនោះ នឹងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តកាន់តែច្រើន និងបានផ្តល់ចំណូលសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិ ។ 

 

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការវប្បធម៌បរិស្ថាននិងអប់រំកីឡានៃ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នំា២០២៣ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីមុខមាត់សមត្ថភាពនិងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេថែមទាំងចំណេញខាងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងចំណេញទៅដល់វិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀតផង។ ឯកឧត្តម បញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ មានប្រភេទកីឡាច្រើនចម្រុះគ្នា មានជាតិសាសន៍ច្រើនប្រទេសក្នុងតំបន់ចូលរួម ។ដូច្នេះឱកាសនេះ ភ្ញៀវទេសចរអន្តរជាតិនឹងស្គាល់កម្ពុជាកាន់តែច្បាស់ ហើយក៏ជាឱកាសមួយទៀតរបស់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ។  

សំឡេង៖«អ្វីដែលយើងត្រៀមកម្ពុជាបានធ្វើផែនទីចង្អុលបង្ហាញមួយគឺជាការត្រៀមរៀបចំផែនការយុទ្ធសាស្ត្រ ការស្តារវិស័យទេសចរណ៍ឡើងវិញទាំងដំណាក់មុនកូវីដ និងក្រោយដំណាក់ កូវីដ ជាចក្ខុវិស័យទៅថ្ងៃអនាគត តទៅទៀត ។ ឆ្នាំ២០២៣ជាដំណាក់កាលវិស័យទេសចរណ៍នឹងងើបឡើងវិញ យើងនឹងពង្រឹងគុណភាពសេវាកម្មយើងឱ្យល្អកាន់តែប្រសើរឆ្នាំ២០២៣ដល់ឆ្នាំ២០២៥ជាចក្ខុវិស័យទេសចរណ៍ដើម្បីធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាពទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិអាចគិតថាទេសចរណ៍របស់យើងអាចងើបមកវិញពាក់កណ្តាលឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ »។ 

 

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩មុនពេលជំងឺកូវីដ-១៩មិនទាន់មកដល់កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់ ក្នុងអត្រាកំណើន ប្រមាណជា ៦ភាគរយ ក្នុងការរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែក្នុងឆ្នាំ២០២០ចំនួនភ្ញៀវទេសចរបានធ្លាក់យ៉ាងគំហុកដោយសារការរាតត្បាតនៃ ជំងឺកូវីដ១៩ ។ 

  យ៉ាងណាក៏ដោយមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រំពឹងថាឆ្នាំ២០២៣ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ អាចស្តារវិស័យទេសចរណ៍ឡើងវិញ ៕

Comments

Related posts