អាជ្ញាធរថៃ យកចិត្តទុកដាក់លើពលករខ្មែរ ដែលជាប់គាំងនៅតាមព្រំដែន

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខវិទ្យុជាតិកម្ពុជាចំកាតចេកខេត្តបាត់ដំបង

បាត់ដំបង៖ ពលករខ្មែរដែលជាប់គាំងនៅតាមបណ្ដោយព្រំដែនប្រទេសថៃជាប់នឹងខេត្តបាត់ដំបង ទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ភាគីថៃនិងកម្ពុជា ក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទច្រកព្រំដែនជាមួយភាគីថៃជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ។ 

  ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់មួយចំនួនចែកជូនដល់ពលករខ្មែរ ចំនួន១១នាក់ ដែលកំពុងជាប់គាំងនៅចំណុចអូរព្រំដែន ស្ថិតក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ជាប់ព្រំប្រទល់ស្រុកសំពៅលូន ខេត្ត បាត់ដំបងនាចុងសប្តាហ៍នេះ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានយកចិត្តទុកដាក់ចំពោះពលករខ្មែរ ។

  ឯកឧត្តម ងួន រតនៈ បានសំណូមពរដល់ភាគីថៃផ្ដល់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទDelta។

ជាការឆ្លើយតប ខាងភាគីថៃបានអះអាងប្រាប់ឯកឧត្តមអភិបាលខេត្តថា នឹងជួយមើលថែពលករខ្មែរឱ្យបានល្អស្របតាមស្មារតី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ 

ជាមួយគ្នានោះ ភាគីថៃបានស្វែងរកទីតាំងសមស្របមានប្រភពទឹកប្រើប្រាស់ និងទីទួលសុវត្ថិភាពល្អដើម្បីរៀបចំឱ្យពលករខ្មែរស្នាក់នៅ ជាពិសេសដើម្បីងាយស្រួលដល់បងប្អូនរបស់ពួកគាត់មកសាកសួរសុខទុក្ខផងដែរ។IMG_20210808_130911_800

បើតាមការបញ្ជាក់ពី ឯកឧត្តម ងួន រតនៈ រហូតមកដល់ពេលនេះក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មិនទាន់មានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ប្រភេទDeltaចូលក្នុងសហគមន៍នៅឡើយទេ គឺមានតែករណីនាំចូលពីប្រទេសថៃចំនួន១០នាក់ប៉ុណ្ណោះ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងបន្ថែមថា ក្នុងខេត្តបាត់ដំបងមួយរយៈពេលចុងក្រោយនេះ មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ច្រើនគួរឲ្យព្រួយបារម្ភ ហើយរហូតមកដល់ពេលនេះក៏មិនទាន់ឃើញមានសញ្ញាថមថយសោះឡើយ ពោលគឺអ្នកឆ្លងប្រចាំថ្ងៃ មានលើស ពី១០០នាក់។

សូមរំឭកថា ខេត្តបាត់ដំបង និងបណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃមួយចំនួនទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ និងបិទ ព្រំដែនជាមួយភាគីថៃរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ៕IMG_20210808_130924_163IMG_20210808_130927_334

Comments

Related posts