សិង្ហបុរីរកឃើញអ្នកស្លាប់ថ្មីចំនួន ៨ នាក់បន្ថែមទៀតដោយសារជំងឺកូវីដ-១៩ និងឆ្លងចំនួន ២,២៦៨ ករណី

វិទ្យុជាតិកម្ពុជា ៖ កញ្ញា ខៀវ ណាវីន
អន្តរជាតិ ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២,២៦៨នាក់ គិតត្រឹមរសៀលថ្ងៃពុធទី២៩ កញ្ញា និងមានអ្នកស្លាប់ចំនួន ៨ នាក់បន្ថែមទៀតដោយសារផលវិបាកនៃជំងឺនេះ។ 

photo_2021-09-30_09-09-44
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែកញ្ញានេះ។ អ្នកស្លាប់មានបុរស ៥ នាក់និងស្ត្រី ៣ នាក់ដែលជាជនជាតិសិង្ហបុរីទាំងអស់ និង មានអាយុចន្លោះពី ៧២ ទៅ ៩០ ឆ្នាំ។ ក្រសួងសុខាភិបាលសិង្ហបូរីមិនបានផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពមូលដ្ឋានរបស់ពួកគេឡើយ។ ក្នុងចំណោមករណីឆ្លងថ្មីដែលបានរាយការណ៍កាលពីថ្ងៃពុធមាន ២,២៥៨ នាក់គឺជាការឆ្លងក្នុងស្រុកដែលរួមមាន ១,៨១០ ករណីនៅក្នុងសហគមន៍និង ៤៤៨ នាក់នៅក្នុងអន្តេវាសិកដ្ឋានកម្មករចំណាកស្រុក។ ក្រសួងសុខាភិបាល បាននិយាយថាមានករណី នាំចូលចំនួន ១០ ករណីផងដែរ។  គិតត្រឹមថ្ងៃពុធ សិង្ហបុរីបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៩៤,០៤៣ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។ ក្រសួងសុខាភិបាលបាននិយាយថាមានអ្នកជំងឺចំនួន ១,៣៣៥ នាក់ដែលត្រូវបានគេដាក់ នៅក្នុងមន្ទីរពេទ្យដែលភាគច្រើននៃពួកគេមានសុខភាពល្អហើយកំពុងស្ថិតក្រោមការសង្កេត។ ក្នុងនោះមានករណីធ្ងន់ធ្ងរចំនួន ១៩៧ នាក់ត្រូវការការបន្ថែមអុកស៊ីហ្សែន និង ៣៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងបន្ទប់ ICU។ គិតត្រឹមថ្ងៃអង្គារ ប្រជាជនសិង្ហបុរី ៨២ ភាគរយបានចាក់វ៉ាក់សាំងពេញលេញឬទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដង ខណៈដែល ៨៥ ភាគរយបានទទួលយ៉ាងហោច ណាស់មួយដូស៕

Comments

Related posts