ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ បានសរសើរកម្ពុជាចំពោះការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលគួរតែយកធ្វើជាគំរូ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៣ ០៨ ២០២២

 

ភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តមកំពុងបំពេញទស្សនកិច្ចការងារនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អ៊ុច បូរិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការលះបង់និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់របស់ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក្នុងនាមជាប្រធានមហាសន្និបាតអង្គការ សហប្រជាជាតិ ក្នុងឆ្នាំដែលពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើន។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចពិគ្រោះយោបល់លើរបាយការណ៍ «គោលដៅរួមរបស់យើង» របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការធានាបានថា អង្គការសហប្រជាជាតិ នឹងផ្តោតការយកចិត្តទុកដាក់ជាថ្មីទៅលើអាទិភាពក្នុងការដោះស្រាយតម្រូវការសកលដ៏បន្ទាន់បំផុតនានា រួមទាំងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរករបៀបវារៈនៃការអភិវឌ្ឍន៍ប្រកប ដោយចីរភាព ផងដែរ។

ឯកឧត្ដម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណដល់អង្គការ សហប្រជាជាតិ និងក្រុមការងារអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក គណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម និង យូនីសេហ្វ សម្រាប់ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្រាប់ជំនួយរបស់អង្គការសហប្រជាជាតិដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ឯកឧត្ដម ក៏បានកោតសរសើរចំពោះទំនាក់ទំនងការងារដ៏ល្អរវាងកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង២៦ដែលធ្វើការក្នុងវិស័យសុខាភិបាល សន្តិសុខស្បៀង បរិស្ថាន ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។

ខណៈពេលលើកឡើងអំពីការចូលរួមចំណែករបស់កម្ពុជាចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ (UNPKOs) ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ និង ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានគូសបញ្ជាក់អំពីមោទកភាពរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីទសវត្សរ៍ទី៩០ ទៅជាប្រទេសដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញពិភពលោក។ ឯកឧត្ដម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានបញ្ជូនកងទ័ពចំនួន ៨.៣០២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥៨០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន១១លើក នៅក្នុងប្រទេសចំនួន៩។ ឯកឧត្តមប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ បានសរសើរកម្ពុជាចំពោះការចូលរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ដែលគួរតែយកធ្វើជាគំរូ។

ឯកឧត្តម អ៊ុច បូររិទ្ធ និង ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយផ្សេងៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ម៉ាល់ឌីវ រួមមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ការគិតពិចារណាឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ និងការបង្កើតឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដើម្បីស្វែងរកវិស័យប្រកបដោយសក្តានុពលភាពនានាសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕IMG_20220823_124733_370IMG_20220823_124731_387IMG_20220823_124721_960

Comments

Related posts